ប្រទេសឥណ្ឌា៖ អាជ្ញាធរនៅក្នុងរដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា បានបិទសាលាបឋមមួយរយៈ ដោយសារការបំពុលបរិយាកាសធ្ងន់ធ្ងរ និងគុណភាពខ្យល់កាន់តែអាក្រក់ទៅៗ។
យោងតាមគេហទំព័រ BBC News ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកាថា គុណភាពខ្យល់នៅក្នុងទីក្រុងដេលីបានធ្លាក់ចុះដល់កម្រិតធ្ងន់ធ្ងរជាលើកដំបូងក្នុងរដូវកាលនេះ ដែលធ្វើឱ្យរដ្ឋធានីនៃទីក្រុងនេះក្លាយជាទីក្រុងមួយដែលមានខ្យល់បំពុលបរិស្ថានខ្លាំងបំផុតរបស់ពិភពលោក។
មូលហេតុដែលធ្វើឱ្យទីក្រុងដេលី មានបរិយាកាសមិនល្អ គឺដោយសារកត្តាផ្សេងៗ រួមទាំងការដុតបំផ្លាញដំណាំរបស់កសិករ ល្បឿនខ្យល់ទាប និងការផ្ទុះកាំជ្រួចក្នុងអំឡុងពេលពិធីបុណ្យនានាជាដើម។ យោងតាមការសិក្សាដោយគណៈកម្មាធិការត្រួតពិនិត្យការបំពុល បានបង្ហាញថា ការបំពុលខ្យល់ក្នុងទីក្រុងនឹងកើនឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅពេលដែលចំនួននៃឧប្បត្តិហេតុដុតកម្ទេចចោលនៅក្នុងរដ្ឋជិតខាងបានកើនឡើង។
ដូច្នេះហើយ រដ្ឋមន្ត្រីរបស់ទីក្រុងដេលី លោក Arvind Kejriwal បានប្រកាសភ្លាមៗថា សាលាបឋមសិក្សារបស់រដ្ឋាភិបាល និងឯកជនទាំងអស់នៅក្នុងទីក្រុងនឹងត្រូវបានបិទនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ដោយជាធម្មតាសាលារៀនទាំងអស់តម្រូវឱ្យរៀនពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ប៉ុន្តែដោយសារបរិកាសប្រែប្រួល ទើបរដ្ឋាភិបាលសម្រេចចិត្តបិទនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍មួយរយៈ។ ហេតុនេះហើយ បច្ចុប្បន្នសាលារៀនបឋមបើកឱ្យសិក្សាត្រឹមថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត៌ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការបំពុលកើនឡើង គណៈគ្រប់គ្រងការបំពុលកណ្តាលបានបញ្ជាឱ្យហាមឃាត់ជាបន្ទាន់លើការងារសំណង់ដែលមិនសំខាន់នៅក្នុងទីក្រុង និងសេវាកម្មដឹកជញ្ជូនសាធារណៈទាំងអស់ រួមទាំងសេវារថភ្លើងក្រោមដី និងឡានក្រុងរបស់ក្រុងដេលី ក៏ត្រូវបានណែនាំឱ្យបង្កើនប្រេកង់របស់ពួកគេ ដើម្បីទប់ស្កាត់ការបំភាយឧស្ម័នពីយានយន្តផងដែរ។
គួរបញ្ជាក់ដែរថា ខ្យល់ដែលបំពុលបានបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដល់អ្នកស្រុកដេលីជារៀងរាល់ឆ្នាំ ដោយអ្នកជំនាញផ្នែកសុខភាពក៏បានរាយការណ៍អំពីការកើនឡើងនៃករណីជំងឺហឺត និងបញ្ហាសួតក្នុងចំណោមកុមារ និងមនុស្សចាស់ ដោយសារតែគុណភាពខ្យល់កាន់តែអាក្រក់។ លោក Jugal Kishore ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Safdarjung នៃទីក្រុង បាននិយាយថា បច្ចុប្បន្នយើងកំពុងកត់ត្រាការកើនឡើងនៃការឆ្លងមេរោគរលាកទងសួត ក៏ដូចជាបានណែនាំដល់អ្នកដែលមានបញ្ហាផ្លូវដង្ហើមកុំឱ្យចេញក្រៅផ្ទះលុះត្រាតែមានការចាំបាច់ប៉ុណ្ណោះ៕