បរទេស៖ ប្រទេសកូរ៉េខាងជើងបាននិយាយថា ការបិទស្ថានទូតគឺជារឿងធម្មតាដើម្បីកែលម្អទំនាក់ទំនងបរទេស បន្ទាប់ពីទីក្រុងសេអ៊ូលសង្ស័យថាទីក្រុងព្យុងយ៉ាងកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា “ទន្ទឹមនឹងការផ្លាស់ប្តូរបរិយាកាសអន្តរជាតិ និងគោលនយោបាយការបរទេសរបស់រដ្ឋ យើងកំពុងបិទ ហើយក៏នឹងបើកបេសកកម្មការទូតថ្មីឡើងវិញនៅក្នុងប្រទេសផ្សេងផងដែរ” នេះបើតាមគេហទំព័រ Reuters ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា។
គួររំលឹកដែរថា កន្លងទៅថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងមួយបាននិយាយថា ការផ្លាស់ប្តូររបស់កូរ៉េខាងជើងក្នុងការបិទស្ថានទូតជាបន្តបន្ទាប់បង្ហាញថាទីក្រុងព្យុងយ៉ាងកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ហើយវាពិបាកក្នុងការរក្សាទំនាក់ទំនងការទូតសូម្បីតែតិចតួចបំផុតជាមួយសម្ព័ន្ធមិត្តប្រពៃណី។
យោងតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានឱ្យដឹងទៀតថា កូរ៉េខាងជើងមានទំនាក់ទំនងការទូតជាមួយប្រទេសជាង ១៥០ ប៉ុន្តែចំនួនបេសកកម្មនៅក្រៅប្រទេសបានថយចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយសារបញ្ហាហិរញ្ញវត្ថុ។
ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបាននិយាយថា ការបិទស្ថានទូតថ្មីៗនេះ គឺជារឿងធម្មតា ហើយប្រទេសនេះបានធ្វើជាច្រើនដងមកហើយ។ យោងតាមក្រសួងការបរទេសកូរ៉េខាងជើង ក៏បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរបែបនេះគឺ “សំដៅលើការលើកកម្ពស់ផលប្រយោជន៍ជាតិក្នុងទំនាក់ទំនងបរទេស”៕