វៀតណាម៖ រដ្ឋាភិបាលរបស់វៀតណាមមានបំណងចង់ចាប់ផ្តើមការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូងនៅឆ្នាំ ២០៣០ ហើយបញ្ចប់និងដាក់ឱ្យដំណើរការខ្សែរថភ្លើងទាំងមូលនៅឆ្នាំ ២០៤៥។
យោងតាមគេហទំព័រ VOV World ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកាថា រដ្ឋាភិបាលវៀតណាមបានចេញផែនការសកម្មភាពមួយស្ដីពីទិសដៅអភិវឌ្ឍន៍ផ្លូវដែករបស់ប្រទេសក្នុងឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកឆ្នាំ ២០៤៥។ អាស្រ័យហេតុនេះ រដ្ឋាភិបាលមានបំណងបែងចែកដើមទុនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក រួមទាំងផ្លូវល្បឿនលឿន ចន្លោះឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៤៥ ។
ដូច្នេះ វៀតណាមនឹងចាប់ផ្តើមសាងសង់លើផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងក្នុងអំឡុងឆ្នាំ ២០២៦-២០៣០ និងបញ្ចប់ជាផ្លូវការនៅឆ្នាំ ២០៤៥ ដោយផ្តល់អាទិភាពលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូង ដែលឆ្លងកាត់ខេត្ត-ក្រុងចំនួន ២០ ជាមួយនឹងល្បឿនប្រតិបត្តិការ ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅខាងលើ រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ដើមទុនវិនិយោគសម្រាប់ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង រួមទាំងប្រភពចំណូលកើនឡើង និងការសន្សំថ្លៃដើម ដោយវិស័យសេដ្ឋកិច្ចត្រូវបានអំពាវនាវឱ្យចូលរួមក្នុងអាជីវកម្មផ្លូវដែក និងសេវាកម្មគាំទ្រការដឹកជញ្ជូន។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសវៀតណាមកំពុងរៀបចំសំណើគោលនយោបាយវិនិយោគសម្រាប់ផ្លូវរថភ្លើងដែលទើបសាងសង់ថ្មី និងផ្លូវរថភ្លើងក្នុងទីក្រុងក៏កំពុងត្រូវបានអនុវត្តផងដែរ ដោយផ្លូវរថភ្លើងខ្លះត្រូវបានកែលម្អ និងជួសជុលឡើងវិញ៕










