«ស្តាយក្រោយ» គឺជាបទថ្មីរបស់តារាចម្រៀង ថេណា ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។ បទថ្មីនេះកាន់តែទាក់ទាញចិត្តអ្នកស្តាប់ទ្វេដងបន្ទាប់ពីតារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ណូយ វ៉ាន់ណេត បានបកស្រាយបទនេះដូចគ្នា។.png)
កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងមកនេះ ថេណា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចេញផ្សាយបទថ្មីរបស់ខ្លួនមានចំណងជើងថា «ស្តាយក្រោយ» ដោយលោកបានធ្វើជាពីរទម្រង់ជាថេណាបច្ចុប្បន្ននិងថេណាជំនាន់៩០។ អ្វីដែលអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់គឺដំណាក់កាលនៃការធ្វើបទចម្រៀងនេះគឺជាស្នាដៃរបស់ ថេណា ទាំងស្រុង។
ភាពគួរឱ្យចាប់អារម្មណ៍កាន់តែកើនឡើងទ្វេដងគឺនៅពេល ថេណា បានបង្ហោះវីដេអូមួយរបស់លោក ណូយ វ៉ាន់ណេត នៅល្ងាចថ្ងៃទី២ ខែសីហា ជាមួយនឹងចំណងជើងថា «ស្តាប់ហើយព្រឺសម្បុរចង់ស្តាប់បទពេញអត់?»។ ក្នុងវីដេអូនេះលោក ណូយ វ៉ាន់ណេត បានបកស្រាយបទ «ស្តាយក្រោយ» របស់ ថេណា ដែលបង្កើនការទាក់ទាញយ៉ាងឆាប់រហ័ស។
ថេណា ថែមទាំងបញ្ជាក់នៅក្នុងខម្មិនទៀតថា ស្តាប់បទពេញរបស់លោក ណូយ វ៉ាន់ណេត កាន់តែព្រឺសម្បុរ។ក្នុងរយៈពេលខ្លីប៉ុណ្ណោះពោលគិតត្រឹមម៉ោង៤រសៀលថ្ងៃទី៤ ខែសីហា វីដេអូរបស់លោក ណូយ វ៉ាន់ណេត មានការទស្សនាជិត៣លានដង ជាមួយនឹងការចុច LIKE រាប់ម៉ឺននាក់។
នៅលើបណ្តាញសង្គមយូធូបវិញបទ«ស្តាយក្រោយ» របស់ ថេណា មានអ្នកស្តាប់ជិត២លានដងដូចគ្នា(១.៩លាន) ក្នុងរយៈពេល១០ថ្ងៃមកនេះ។
កន្លងមកលោក ណូយ វ៉ាន់ណេត ក៏ធ្លាប់បកស្រាយបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀងរ៉េប វណ្ណដា និងទទួលបានការចាប់អារម្មណ៍ដូចគ្នាដែលនេះអាចបញ្ជាក់ថាសមត្ថភាពនិងទឹកដមរបស់តារាចម្រៀងជើងចាស់រូបនេះមិនថាទម្រង់បែបណានោះទេគឺលោកនៅតែទាក់ទាញអារម្មណ៍អ្នកស្តាប់ជានិច្ចមិនថាបទពីមុនឬបទបច្ចុប្បន្ននេះនោះទេ៕










