«ដើមឈើស្នេហ៍» គឺជាបទចម្រៀងរបស់កំពូលតារាចម្រៀង មាស សុខសោភា ដែលមានអាយុកាលច្រើនឆ្នាំមកហើយតាំងពីតារាចម្រៀងរូបនេះនៅក្នុងទ្រនំថោន។ មួយបទនេះដែរកំពុងធ្វើឱ្យស្រទាប់យុវវ័យជំនាន់ក្រោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់តារាចម្រៀង លីម តិចម៉េង យកមក Cover ជាមួយសំឡេងហ្គីតាឡើងវិញ។
កាលពីពេលថ្មីៗនេះម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមធ្វើឱ្យអ្នកមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រដោយរូបលោកបាន Cover បទរបស់រៀមច្បង មាស សុខសោភា មានចំណងជើងថា «ដើមឈើស្នេហ៍»ដែលជាបទល្បីមួយទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ប្រមាណ៦ឆ្នាំមុន។
តាមរយៈទឹកដមសំឡេងរបស់លោករួមជាមួយការដាក់មនោសញ្ចេតនាទៅលើបទចម្រៀងខាងលើនេះគួបផ្សំទឹកដៃលេងហ្គីតាល្អទៀតធ្វើឱ្យអ្នកស្តាប់សំឡេងរបស់ តិចម៉េង ហើយលន្លង់លន្លោចតាមលោកណាស់។ អ្នកគាំទ្របានកោតសរសើរ លីម តិចម៉េង ថាច្រៀងពីរោះ ចូលតួសាហាវ ព្រមទាំងចំអន់ ដាក់លោកទៀតថា នារីរូបណាដែលធ្វើឱ្យកំលោះតូចរូបនេះក្រៀមក្រំចិត្តយ៉ាងនេះ។
ម្ចាស់ពានរូបនេះជារឿយៗបាន Cover បទរៀមច្បងជាច្រើនបង្ហោះនៅលើបណ្តាញសង្គមព្រមទាំងទទួលបានការស្រលាញ់ចូលចិត្តយ៉ាងច្រើន។ ចាប់តាំងពីប្រឡូកអាជីពសិល្បៈ លីម តិចម៉េង នៅតែទទួលបានការអាណិតស្រលាញ់ពីអ្នកគាំទ្រលើសលុបមិនស្ងាត់ប្រជាប្រិយភាពដូចជាម្ចាស់ពានមួយចំនួននោះទេ។ ជាក់ស្តែងលោកមានការងារសិល្បៈសឹងតែរកពេលទំនេរគ្មានដោយត្រឹមរយៈពេលជាង១ឆ្នាំនេះលោកមានសមត្ថភាពទិញឡានទំនើប និងផ្ទះផ្ទាល់ខ្លួន។
មិនត្រឹមតែទទួលបានប្រជាប្រិយភាពប៉ុណ្ណោះទេ តែ លីម តិចម៉េង ជាអ្នកចម្រៀងស្រករក្រោយដែលអ្នកសិល្បៈមួយចំនួនបានផ្សព្វផ្សាយល្បែងអនឡាញគួរយកគម្រូតាមព្រោះពន្លកថ្មីរូបនេះមានឆន្ទៈមោះមុតមិនទទួលផ្សព្វផ្សាយល្បែងអនឡាញឡើយ៕