ទីបំផុតបន្ទាប់ពីក្លាយជាម្ចាស់ពានរយៈពេល៣ខែ Jay X បានចេញបទចម្រៀងដំបូងក្នុងផលិតកម្មបារមីហើយ។ ទោះយ៉ាងណាការបង្ហាញខ្លួនដំបូងរបស់ Jay X បានធ្វើឱ្យទស្សនិកជនសោកសៅយ៉ាងខ្លាំងដោយសារតែអត្ថន័យបទនោះគឺរំលឹកទៅដល់គុណបំណាច់និងការចងចាំល្អៗពីលោកយាយរបស់ Jay X មុនពេលលោកយាយលាចាកលោក។

នៅយប់ថ្ងៃទី៣ ខែសីហា Jay X បានចេញផ្សាយបទចម្រៀងដំបូងរបស់ខ្លួនជាផ្លូវការមានចំណងជើងថា «THE LAST DAY» ដែលរំលឹកទៅដល់លោកយាយរបស់ Jay X ផ្ទាល់ដែលគាត់បានចែកឋានកាលពីកន្លងមកនេះ។ អ្វីដែលជាការកត់សម្គាល់បទដំបូងរបស់ Jay X គឺរូបគេជាអ្នកនិពន្ធខ្លួនឯងដោយប្រើឈ្មោះកំណើតថា ខុម យ៉ុងជេ និងមានការជួយជ្រោមជ្រែងពីរៀមច្បង វណ្ណថាន និង M-Fatt ។ នេះបើយោងទៅតាមការពណ៌នានៅលើវីដេអូចម្រៀង។
នៅក្នុងអត្ថន័យរបស់ «THE LAST DAY» គឺបានរម្លឹកទៅកាន់អនុស្សាវរីយ៍ការទទួលបានភាពកក់ក្តៅពីលោកយាយកាលពី Jay X នៅក្មេង ពាក្យទូន្មានប្រៀបប្រដៅ និងចង់ឃើញពីភាពជោគជ័យរបស់ចៅប្រុស។ ទោះយ៉ាងណាមុននឹងលោកយាយចាកចេញទៅ Jay X បាននាំយកភាពជោគជ័យទៅកាន់លោកយាយរបស់ខ្លួនដោយសន្យាថានឹងបន្តការមើលថែឪពុករបស់ខ្លួន។

មុននឹងចេញផ្សាយបទនេះ Jay X បានលើកឡើងដែរថាការសរសេរបទនេះគឺចង់ក្លាយជាការចងចាំក្នុងជីវិតជារៀងរហូត ក្នុងពេលដែលរូបគេយកភាពជោគជ័យទៅជូនក្រុមគ្រួសារក៏ក្លាយជាលើកចុងក្រោយដែល Jay X បានជួបលោកយាយ។ 
ការចេញបទដំបូងបន្ទាប់ពីក្លាយជាសិល្បករកុងត្រា Jay X ទទួលបាននូវមតិឆ្លើយតបជាវិជ្ជមានច្រើនជាពិសេសមួយបទនេះបានធ្វើឱ្យមនុស្សជាច្រើនបង្ហាញអារម្មណ៍សោកសៅមានការនឹករលឹកទៅកាន់លោកយាយរបស់ខ្លួនដូចគ្នា៕










