ដោយសារប្រភេទតន្ត្រី K-Pop កាន់តែមានប្រជាប្រិយភាពទូទាំងពិភពលោក វាកាន់តែជារឿងធម្មតាសម្រាប់សិល្បករថ្មីចាស់មានដំណើរទេសចរណ៍អន្តរជាតិ និងផ្តល់ឱកាសឱ្យអ្នកគាំទ្រកាន់តែច្រើនបានទស្សនាការប្រគំតន្ត្រីរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការកើនឡើងនៃដំណើរទេសចរណ៍នេះ បានធ្វើឱ្យតម្លៃសំបុត្រប្រគំតន្ត្រីមានការកើនឡើងដូចគ្នារហូតមានអ្នកគាំទ្រជាច្រើនមិនអាចទិញបានសូម្បីតែតម្លៃសំបុត្រដែលមានតម្លៃថោកក៏ដោយ។
បន្ទាប់ពីមានការត្អូញត្អែរពីអ្នកគាំទ្រអំពីតម្លៃសំបុត្រប្រគំតន្ត្រីឡើងថ្លៃផលិត SM Entertainment បានបញ្ចេញក្រាហ្វដែលប្រៀបធៀបតម្លៃរបស់ពួកគេទៅនឹងក្រុមហ៊ុន HYBE ប៉ុន្មានឆ្នាំមកនេះ។ ក្រាហ្វនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រតាមអ៊ីនធឺណិតនាពេលថ្មីៗនេះ ហើយផលិតកម្ម SM បានទទួលមតិប្រតិកម្មតបវិញ ជាងការគាំទ្រ។
នៅក្នុងក្រាហ្វនោះបានប្រៀបធៀបតម្លៃសំបុត្រក្នុងអំឡុងឆ្នាំផ្សេងៗគ្នាជាពិសេស ពួកគេកត់សម្គាល់ពីរបៀបដែលតម្លៃសំបុត្ររបស់ HYBE បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមទទួលកុលសម្ព័ន្ធផលិតកម្មផ្សេងទៀតក្នុងឆ្នាំ ២០១៩ ។
ក្នុងឆ្នាំ ២០១៥ ផលិតកម្ម SM លក់សំបុត្រប្រគំតន្រ្តីក្នុងតម្លៃប្រមាណ៨១ដុល្លារ ចំណែកឯ HYBE លក់សំបុត្រក្នុងតម្លៃប្រមាណ៧៣ដុល្លារ។ នៅឆ្នាំ ២០១៩ SM លក់សំបុត្រក្នុងតម្លៃប្រមាណ ៨៩ដុល្លារខណៈ HYBE លក់សំបុត្រក្នុងតម្លៃប្រមាណ៨៩ដុល្លារដូចគ្នា។ ក្នុងឆ្នាំ ២០២២ SM លក់សំបុត្រក្នុងតម្លៃប្រមាណ៩៧ដុល្លារ ចំណែកឯ HYBE លក់ក្នុងតម្លៃប្រហែល១២២ដុល្លារ។ នៅឆ្នាំ២០២៣ SM លក់សំបុត្រក្នុងតម្លៃប្រមាណ១១៣ដុល្លារ ខណៈឯ HYBE លក់សំបុត្រក្នុងតម្លៃប្រមាណ១៤៦ដុល្លារ។
ការប្រៀបធៀបតម្លៃសំបុត្រនេះ អ្នកនិយមលេងអ៊ីនធឺណែតអះអាងថា SM Entertainment កំពុងប្រៀបធៀបតម្លៃជាមធ្យមរបស់ពួកគេទៅនឹងសំបុត្រ VIP/VIP ដែលមានតម្លៃថ្លៃជាងរបស់ HYBE Labels។ អ្នកលេងបណ្តាញសង្គម បានទាញឧទាហរណ៍ជាក់ស្តែងទៅលើតម្លៃសំបុត្រការប្រគំតន្រ្តីរបស់ Taemin សមាជិកក្រុម SHINee ដែលបានប្រកាសការប្រគំតន្ត្រីទោលនៅឯ Inspire Arena ក្នុងទីក្រុង Incheon ហើយសំបុត្រមានតម្លៃដល់ទៅ ១៤៧ដុល្លារ ព្រមទាំងលើកឡើងទៀតថាក្រាហ្វដែល SM Entertainment បានចែករំលែកគឺមិនមានភាពត្រឹមត្រូវនៃការប្រៀបធៀបឡើយ៕










