្រទេសថៃ ៖ សារព័ត៌មានប្រទេសថៃបានចុះផ្សាយកាលពីចុងខែតុលា ឆ្នាំ២០២៣ ថា ក្រោយពីទូរទស្សន៍ថៃបានចាក់បញ្ចាំងខ្សែភាពយន្តរឿង «ព្រហ្មលិខិត» មកឃើញថា មានភ្ញៀវទេសចរបរទេសជាច្រើននាក់នាំគ្នាមកកម្សាន្តនៅខេត្តអយុធ្យា ។ រីឯពលរដ្ឋរស់នៅទីនេះនិយាយថា មានភ្ញៀវទេសចរបរទេសជាច្រើនធ្វើដំណើរមកកាន់វត្តព្រះណាម ដែលជាទីកន្លែងបុរាណដ៏សំខាន់ និងជាតំបន់ទេសចរណ៍ថ្មីរបស់ខេត្តអយុធ្យា ហើយវត្តនេះមានទ្វារឆ្លងពេលវេលា ដែលមានដើមពោធិ៍ដុះពីលើទ្វារទៀតផង ។
នៅខែវិច្ឆិកា ឆ្នាំ២០២៣ គឺជិតបញ្ចប់រដូវវស្សា និងឈានចូលរដូវរងានៅប្រទេសថៃ គេសង្កេតឃើញដើមពោធិ៍នៅត្រង់ទ្វារឆ្លងពេលវេលាជ្រុះស្លឹក និងក្លាយជាទិដ្ឋភាពស្រស់ស្អាតមួយបែបទៀត ។ បើតាមរឿងដំណាលបន្តគ្នាតាំងពីជំនាន់ដូនតាឱ្យដឹងថា បើអ្នកណាម្នាក់បានដើរឆ្លងកាត់ទ្វារនេះហើយ អ្នកនោះនឹងដឹងរឿងរ៉ាវពីអតីតជាតិរបស់ខ្លួន និងត្រឡប់ទៅកាន់សម័យអយុធ្យា ។ ហេតុនេះ វាបានក្លាយជាទីកន្លែងទេសចរណ៍ដ៏សំខាន់របស់ខេត្តអយុធ្យា ហើយទ្វារនេះបានស្ថិតក្នុងឈុតសំខាន់នៃខ្សែភាពយន្តថៃផងដែរ ។
បើតាមការសាកសួរភ្ញៀវទេសចរឱ្យដឹងថា ពួកគេមកកម្សាន្តនៅខេត្តអយុធ្យា ដោយសារតែបានទស្សនាខ្សែភាពយន្តថៃរឿងបុព្វេសន្និវេស និងរឿងព្រហ្មលិខិត ដែលកំពុងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ នៅឆ្នាំ២០២៣ ។ ម្យ៉ាងទៀត នៅទីនេះ មានការលក់ចំណីអាហារជាច្រើនប្រភេទឱ្យពួកគេជ្រើសរើស, ការធ្វើដំណើរងាយស្រួល ហើយមានការលក់វត្ថុអនុស្សាវរីយ៍សម្បូរបែប ។ រីឯនៅតំបន់ទេសចរណ៍ក្បែរៗគ្នា ក៏មានភ្ញៀវទេសចរមកលេងច្រើនផងដែរ ។
លោក អួន និងភរិយា ជាអ្នកប្រកបមុខរបរដឹកភ្ញៀវទេសចរកម្សាន្តតាមទូកនិយាយថា តាំងពីរឿងព្រហ្មលិខិតបានចាក់បញ្ចាំងតាមទូរទស្សន៍ថៃចំនួន២ភាគរួចមក បានធ្វើឱ្យបរិយាកាសដើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសនៅខេត្តអយុធ្យាមានសភាពអ៊ូអរឡើងវិញ ក្រោយពីស្ងប់ស្ងាត់នាពេលកន្លងមក ។ លើសពីនេះ ក៏មានភ្ញៀវទេសចរថៃផងដែរមកកម្សាន្តនៅទីនេះ ហើយពួកគេបានស្លៀកពាក់ឈុតថៃទៀតផង ។ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្វើឱ្យអាជីវកម្មជួលឈុតថៃនៅខេត្តអយុធ្យាកើនឡើងមិនក្រោម៦០កន្លែងទេ ៕










