វៀតណាម៖ ប្រទេសវៀតណាមត្រូវបានគេនិយាយថាកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតបន្ទះឈីប semiconductors ក្នុងគោលបំណងបើករោងចក្រដំបូងរបស់ខ្លួនក្នុងវិស័យនេះ។
យោងតាមគេហទំព័រ VOA News ដែលបានចុះផ្សាយនៅថ្ងៃទី ១ ខែវិច្ឆិកាថា វៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រទាក់ទាញការវិនិយោគបន្ថែមលើឧបករណ៍អេឡិចត្រូនិក ក៏ដូចជាកំពុងចរចាជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ដូច្នេះ ការចរចានៅដំណាក់កាលដំបូងនេះផ្តោតលើបញ្ហាដូចជា ការលើកទឹកចិត្ត ការឧបត្ថម្ភធន ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម។ ប្រភពដដែលបានបន្តទៀតថា ការសាងសង់រោងចក្រដំបូងគេនៅប្រទេសវៀតណាមទំនងជានឹងបម្រើដល់ការផលិតបន្ទះសៀគ្វីដែលមិនទំនើបពេក ដូចជាបន្ទះសៀគ្វីដែលប្រើក្នុងរថយន្ត ឬទូរគមនាគមន៍ជាដើម។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីឧស្សាហកម្មអាមេរិកបានព្រមានអំពីការចំណាយខ្ពស់នៃការផលិតបន្ទះឈីបទាំងនេះ។
យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានមានប្រសាសន៍ថា វៀតណាមមានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី semiconductor ដូចជាបច្ចេកទេសសម្បូរបែប កម្លាំងពលកម្ម អង្គភាពបណ្តុះបណ្តាល និងអាជីវកម្មជាច្រើនដែលមានឆន្ទៈសហការក្នុងការអភិវឌ្ឍឧស្សាហកម្ម រួមទាំងឧទ្យានបច្ចេកវិទ្យាខ្ពស់ចំនួនបីដែលមានលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធពេញលេញ ដើម្បីស្វាគមន៍អ្នកវិនិយោគក្នុងឧស្សាហកម្មអេឡិចត្រូនិក។ លោករដ្ឋមន្ត្រីបាននិយាយថា “គម្រោងវិនិយោគនៅក្នុងឧស្សាហកម្ម semiconductor ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ត្រូវបានផ្តល់ការលើកទឹកចិត្តខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌនៃច្បាប់វៀតណាម” ។
គួរបញ្ជាក់ដែរថា ប្រទេសវៀតណាមគ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០៣០។ ដូច្នេះបច្ចុប្បន្ន វៀតណាមកំពុងធ្វើការលើផែនការ ក៏ដូចជាកំពុងពិភាក្សាក្នុងការនាំយកបន្ទះឈីប semiconductor ដើម្បីបង្កើតរោងចក្រដំបូងរបស់ខ្លួននាពេលខាងមុខ៕










