ការប្រកួត Miss International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន បានបញ្ចប់ហើយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ខណៈកម្មវិធីប្រកួតទើបប្រកាសពីឈុតតំណាងជាតិល្អផ្តាច់គេ ហើយឈុតតំណាងជាតិដែលបវរកញ្ញាកម្ពុជា សំណាង អេលីណា យកទៅប្រកួតមានឈ្មោះថា «រាជនីលង្វែក» ក៏ចូលក្នុងចំណោម Top7 Best National Costume ផងដែរ។
នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅលើហ្វេកប៊ុកផេក Miss International បានប្រកាសពីឈុតតំណាងជាតិល្អផ្តាច់គេនៅក្នុងកម្មវិធីប្រកួត Miss International 2023 ដោយប្រទេស ANGOLA បានឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ ចំណែកឯប្រទេស ឥណ្ឌូណេស៊ី ហ្ស៊ីមបាវ៉េ ម៉ាឡេស៊ី កម្ពុជា ឥណ្ឌា និង ឡេសូតូ ស្ថិតក្នុងចំណោម Top7 Best National Costume។
ការប្រកួតខាងលើនេះ សំណាង អេលីណា បានយកឈុតតំណាងជាតិ «រាជនីលង្វែក » ដែលជាស្នាដៃរបស់ ទឹកគ្រឿង ដោយឈុតនេះតំណាងឱ្យព្រះនាងក្រពុំឈូក ជាបុត្រីរបស់ព្រះបាទចន្ទរាជា ។ ព្រះនាងជានារីល្អឯកសម្រស់គ្មានពីរលើសកំពូលស្រីៗក្នុងនគរនាសម័យនោះ។ ចំណែកឯព្រះហស្ត ខាងស្តាំនិងខាងធ្វេងរបស់ទ្រង់ប្រកបកាន់នូវផ្លិតស្លាបសត្វ។
តួនាទីរបស់ផ្លិត គឺជាឧបករណ៍សម្រាប់កាន់បក់ដើម្បីបន្ថយកម្តៅភាយពីបរិយាកាសខាងក្រៅឱ្យរាងកាយត្រជាក់ល្ហែល្ហើយ ។ តួយ៉ាងខ្មែរយើងមានទំនៀមទម្លាប់ប្រើផ្លិតតាំងពីបរមបុរាណយូរអង្វែងណាស់មកហើយ រាប់តាំងពី វណ្ណៈក្សត្រ រាជវង្សានុវង្ស ព្រះសង្ឃ គ្រួសារនាម៉ឺនមន្រ្តី គហបតី រហូតដល់ប្រជានុរាស្រ្តសាមញ្ញតាមជនបទស្រែចម្ការ គ្រាន់តែថាផ្លិតមានឈ្មោះនិងរូបរាងច្រើនប្រភេទប្រើប្រាស់ទៅតាមឋានានុក្រមផ្សេងៗគ្នា រួមមាន ផ្លិតចាមរ ផ្លិតភូតាន ផ្លិតបាំងសែង ផ្លិតបៃមន់ ផ្លិតសែងត្វ័ន ផ្លិតវាលវីជនី ផ្លិតមុខព្រហ្ម ផ្លិតស្លឹកត្នោត ផ្លិតដៃ និងផ្លិតស្លាបសត្វ ជាដើម។.png)
គួរបញ្ជាក់ថា កម្មវិធីប្រកួត Miss International 2023 សំណាង អេលីណា មិនបានចូល Top15 នៅក្នុងការប្រកួតឡើយដែលធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនឹងកម្មវិធីនោះខណៈបវរកញ្ញាតំណាងប្រទេសកម្ពុជាមានទាំងព្រមប៉ុន្តែខាងកម្មវិធីនៅតែមិនបើកផ្លូវប្រវត្តិសាស្រ្ត ឱ្យកម្ពុជាបានចូលTopនៅក្នុងការប្រកួតនេះបានត្រឹមតែសោកស្តាយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ សូម្បីតែបវរកញ្ញាតំណាងប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss International 2023 ក៏មិនបានចូល TOP ដូចគ្នា ខណៈម្ចាស់មកុដឆ្នាំនេះបានទៅលើប្រទេសវេណេហ្ស៊ុយអេឡា៕










