ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក Charoen Laothamathat នាយកសមាគមនាំចេញស្រូវថៃ បានលើកឡើងអំពីការនាំចេញស្រូវក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ (គឺចាប់ពីខេមករា រហូតដល់ខែកញ្ញា) ស្មើនឹងបរិមាណ៦.០៨២.១៣៦តោន កើនឡើង១២,៣% ។ រីឯនៅខែកញ្ញា ឆ្នាំ២០២៣ បរិមាណការនាំចេញស្រូវទៅក្រៅប្រទេស ស្មើនឹង៨០៧.៧៧៦តោន ។
ការនាំចេញអង្ករលេខ១ និងអង្ករ៣កំណាត់បានកើនឡើងលើសខែសីហា ឆ្នាំ២០២៣ ដោយសារប្រទេសនាំចូលស្រូវបង្កើនការនាំចូល ដើម្បីបំពេញស្តុកស្រូវក្នុងប្រទេសដែលធ្លាក់ចុះ និងត្រៀមទុកសម្រាប់ពិធីបុណ្យនៅចុងឆ្នាំ២០២៣ ។ លើសពីនេះ ការផ្គត់ផ្គង់អង្ករនៅលើទីផ្សារពិភពលោកមានកំណត់ ដោយសារវិធានការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ដែលគេគិតថា នឹងប៉ះពាល់រហូតដល់ដើមឆ្នាំ២០២៤ ទើបធ្វើឱ្យប្រទេសទិញស្រូវងាកមកទិញស្រូវរបស់ថៃច្រើនឡើង ។
លោក Charoen Laothamathat នាយកសមាគមនាំចេញស្រូវថៃលើកឡើងថា ការនាំចេញអង្ករលេខ១ នៅខែកញ្ញា ឆ្នាំ២០២៣ ស្មើនឹងបរិមាណ២៣៦.១២០តោន កើនឡើង១៩០,៥% បើធៀបនឹងខែសីហា ឆ្នាំ២០២៣ ។ ចំណែកទីផ្សារសំខាន់ៗរួមមាន ប្រទេសអាហ្វ្រិកខាងត្បូង, បេនីន, និងយេម៉ែន ប៉ុន្តែការនាំចេញអង្ករស ស្មើនឹងបរិមាណ៣៤៩.៧០៩តោន ធ្លាក់ចុះ៧,៥% ហើយទីផ្សារសំខាន់ៗរួមមាន ប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា, ជប៉ុន, ហ្ស៊ីមបាវ៉េ, អាហ្វ្រិកខាងត្បូង, បេនីន និងម៉ូសំប៊ិក ។
ចំណែកការនាំចេញអង្ករក្រអូបផ្កាម្លិះ ស្មើនឹងបរិមាណ១០៧.៦៧៨តោន ធ្លាក់ចុះ០,៤% ហើយទីផ្សារសំខាន់ៗរួមមាន សហរដ្ឋអាមេរិក, កាណាដា, ហុងកុង, សិង្ហបុរី និងចិន ។
នាយកសមាគមនាំចេញស្រូវថៃរំពឹងថា នៅខែតុលា ឆ្នាំ២០២៣ ការនាំចេញស្រូវរបស់ថៃនឹងស្មើចំនួន៨សែនតោន ដោយសារមានស្រូវជាច្រើនដែលក្រុមហ៊ុននាំចេញពុំទាន់បាននាំចេញអស់ ស្របគ្នានឹងប្រទេសនាំចូលស្រូវចម្បងក្នុងតំបន់អាស៊ាន ដូចជា ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី រួមទាំងទីផ្សារប្រចាំតំបន់ដូចជា អាហ្វ្រិក, មជ្ឈិមបូព៌ា និងអាមេរិក បានបង្កើនការនាំចូលស្រូវ-អង្ករជាបន្តបន្ទាប់ ក្នុងនោះមាន អង្ករស, អង្ករលេខ១ និងអង្ករក្រអូប ដើម្បីប្រមូលទុកធ្វើស្បៀងសម្រាប់ចុងឆ្នាំ២០២៣ ។
ចំណែកប្រទេសដែលបាននាំចេញស្រូវច្រើនជាងគេនៅលើពិភពលោក រួមមាន ៖ ឥណ្ឌា, វៀតណាម, ថៃ, ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ។ រីឯថៃមិនអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្រូវទៅកាន់ទីផ្សារពិភពលោកទេ ពីព្រោះវៀតណាមកំពុងបង្កើនការនាំចេញស្រូវ ៕ ប្រភព ៖ Thai PBS










