ប្រទេសថៃ៖ ថៃគឺជាប្រទេសអភិវឌ្ឍន៍នៅជាប់ព្រំប្រទល់ប្រទេសយើង ហើយក៏ជាគោលដៅទេសចរណ៍មួយដែលមានអ្នកទេសចរ មកពីជុំវិញពិភពលោកចង់មកកំសាន្តផងដែរ។
ជាមួយនឹងទស្សនីយភាពដ៏សម្បូរបែបនិងស្រស់បំព្រង មានកន្លែងដើរលេងជាច្រើននៅក្បែរៗគ្នា ហើយភ្ញៀវទេសចរអាចរីករាយនិងការធ្វើដំណើរតាមសេវាសាធារណៈ រឺក៏ជឹះកំសាន្តតាមមធ្យោបាយឯកជន តាក់ស៊ី ជាមួយនិងតំលៃសេវាសមរម្យបំផុត។
ទីក្រុងបាងកកគឺជាទីក្រុងដ៏ស៊ីវិល័យជឿនលឿនមួយ ដូច្នេះហើយប្រសិនបើលោកអ្នកមានដំណើរកំសាន្តទៅប្រទេសថៃ ក្រុងបាងកក កុំភ្លេចទៅលេងកំសាន្តនៅកន្លែងដែលពេញនិយមបំផុតទាំង៧ទីតាំង ដែលទទួលការពេញនិយមពីស្រទាប់យុវវ័យតែងតែនាំគ្នាមកដើរកម្សាន្ត៖
១ China Town ៖ China Town ជាទីតាំងដ៏ធំមួយក្នុងចំណោម China Townទាំងអស់នៅលើពិភពលោកស្ថិតនៅចំកណ្តាលទីក្រុងបាំងកកប្រទេសថៃ។ China Town នៅទីនោះបានបង្កើតឡើងជាង២០០ឆ្នាំមកហើយនិងបានក្លាយទៅជាសហគមចិនមួយដ៏សំខាន់នាទីក្រុងបាំងកក មានទំាងកន្លែងគោរពបូជាបែបចិន កន្លែងទិញឥវ៉ាន់ ជម្រើសម្ហូបអាហារ និងផ្សារាត្រី។ម៉្យាងវិញទៀត នៅតាមផ្លួវគឺមានសភាពអ៊ូអរនិងបានដាក់លក់នូវម្ហូបចិនរាប់រយមុខក៏ដូចជាគ្រឿងអនុស្សាវរីយ គ្រឿងអល្លង្ការ សម្ភារៈបែបបចិនយ៉ាងសម្បូរបែបផងដែរ។
២ BTS Skytrain ៖ គឺជាស្ថាននីយរថភ្លើងលើអាកាស ដែលជាមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការកាត់បន្ថយភាពកកស្ទះនៅក្នុងទីក្រុងបាំងកក ហើយអាចធ្វើដំណើរបានជុំវិញទីក្រុងបាំងកកតែម្តង ដែលមានស្ថាននីយជាង៦០ឆ្លងកាត់៣ខ្សែរ។ សម្រាប់ការជិះរថភ្លើងគឺតម្រូវឲ្យមានការទិញសំបុត្រសម្រាប់ជិះក្នុងមួយជើងៗ សំបុត្រសម្រាប់ជិះក្នុងមួយថ្ងៃ និងជាវកាតក្នុងលក្ខខណ្ឌផ្សេងៗជាដើម។
៣ Iconsiam ៖ ទិសដៅទេសចរណ៍ដ៏សំខាន់នៅក្រុងបាំងកកគឺ Iconsiam គឺជាផ្សារទំនើបដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ជាមួយនឹងហាងជាង៧០០០ប្រភេទផ្សេងៗគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅជាន់ផ្ទាល់ដីគឺបានសាងសង់តាមរចនាប័ទ្មស្ថាបតិយកម្មប្រពៃណីថៃ គឺគេឲ្យឈ្មោះថាផ្សារបណ្តែតទឹកបែបបុរាណនៅក្នុងផ្សារទំនើបដ៏ស៊ីវិល័យបំផុតរួមជាមួយនឹងអាហាររាប់រយមុខ និងដាក់បង្ហាញនូវទស្សនីយភាពចម្រុះនិងភាពប្លែកៗគ្នាពី៧៥ខេត្តនាប្រទេសថៃផងដែរ។
៤ Siam Paragon ៖ ស្យាមផារ៉ាហ្គនគឺជាផ្សារទំនើបប្រជុំដោយម៉ាកយីហោ ប្រេនល្បីៗនៅជុំវិញពិភពលោកមិនថាខោអាវ កាបូប ស្បែកជើង សម្ភារទំនើបផ្សេងៗ ព្រមទាំងមានកន្លែងតាំងពិពណ៌ឡានទំនើបៗផងដែរ។មិនត្រឹមតែប៉ុណ្ណោះក៏មានអាហារជាច្រើនប្រភេទាំងអាហារថៃនិងអាហារអន្តជាតិជាច្រើនផងដែរ។ ស្យាមផារ៉ាហ្គនមានរោងកុនខ្នាតយក្សដូចជា Bangkok Ocean World ដែលពេញនិយមបំផុតសម្រាប់មនុស្សវ័យជំទុងក៏ដូចជាកុមារផងដែរ។ វានឹងកាន់តែបង្កនូវភាពងាយស្រួលប្រសិនបើអ្នកធ្វើដំណើរតាមរយៈ BTS Skytrain ។
៥ Centralworld ៖ ផ្សារទំនើបដ៏ធំក្នុងទីក្រុងបាំងកកដែលមានហាងជាង៥០០កន្លែងកម្ពស់៧ជាន់នៅក្នុងផ្សារតែមួយផងដែរ។ Centralworld មានរួមបញ្ចូលជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយ៥ រោងកុងអេក្រង់១៥D ទីសក្ការបូជាបែបហិនឌូ កន្លែងជិះស្គីទឹកកជាដើម ដែលវាបង្កនូវលក្ខណៈងាយស្រួលនៅក្នុងការដើរលេងជាលក្ខណៈគ្រួសារ។ សម្រាប់អ្នកដែលនិយមចូលចិត្តដើរ Shopping វិញផ្សារនេះទំនើបគឺប្រជុំទៅដោយម៉ាកយីហោល្បីៗទាំងក្នុងស្រុកនិងក្រៅស្រុក។ ម្យ៉ាងវិញទៀត កុំភ្លេចភ្លក្សជាមួយនឹងមុខម្ហូនរាប់រយមុខនៅជាន់អាហារ មានទាំងភោជនីយដ្ឋាន ហាងកាហ្វេ និងបង្អែមផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត អ្នកទេសចរណ៍ក៏អាចមានឪកាសទទួលបាននូវការបញ្ចុះតម្លៃពិសេសៗផងដែរតាមរយៈបង្ហាញនូវ Passport។
៦ ព្រះបរមរាជវាំងថៃ៖ ព្រះបរមរាជវាំងថៃត្រូវបានបង្កើតតាំងពីឆ្នាំ១៧៨២ ដើម្បីធ្វើជាព្រះរាជដំណាក់របស់ស្តេចថៃដ៏អស្ចារ្យ និងជាទីសក្ការៈរបស់ព្រះសម្មាសម្ពុទ្ធផងដែរ។ ព្រះបរមរាជរាំងថៃនេះគឺជាកន្លែងតម្កល់នូវវត្ថុបុរាណជាច្រើន រួមជាមួយនឹងតួប្រាសាទអមទៅដោយមាសនិងពេជ្រយ៉ាងមានតម្លៃ។ លើសពីនេះក៏មានការសម្តែងនូវល្ខោនពាក់ស្បែកមុខរបស់ថៃនៅសាលមហោស្រពព្រះមហាក្សត្រផងដែរ។
៧ វត្តអារុន ៖ វត្តអារុនជាកន្លែងទេសចរណ៍ដ៏ពេញនិយមគឺជាវត្តសាងសង់ឡើងតាមបែបព្រះពុទ្ធសាសនា សាងសង់ឡើងនៅក្នុងសតវត្សទី១៧ ដែលជាប់ច្រាំងខាងលិចនៃទន្លេចៅព្រះយ៉ា ដែលមយ្យោបាយនៅក្នុងការធ្វើដំណើរគឺអាចជិះទូកតាក់ស៊ីតាមដងទន្លេចៅព្រះយ៉ា។ ប្រាសាទដ៏ស្រស់ស្អាតជាពិសេសគឺនៅពេលថ្ងៃលិច គឺមើលឃើញពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតដែលចាំងមកលើប្រាសាទផងដែរ៕










