សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ២១ ខែតុលាថា ពលរដ្ឋអាមេរិកកាំងជាច្រើននាក់ កំពុងទទួលរងនូវការឆ្លងមេរោគ leishmaniasis ដែលជាជំងឺស្បែកបង្កឡើងដោយសត្វរុយខ្សាច់។
រុយខ្សាច់ គឺជារុយតូចៗដែលមានពណ៌ទឹកក្រូច នឹងមានទំហំប្រហែលមួយភាគបួននៃទំហំមូស។ សត្វរុយប្រភេទនេះ ច្រើនតែរស់នៅក្នុងតំបន់ក្តៅ ដោយជាធម្មតាវានៅជនបទ និងព្រៃឈើ ក៏ដូចជាតំបន់ផ្សេងទៀតនៃពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវបានឱ្យដឹងថាពួកវាចម្លងប៉ារ៉ាស៊ីត ដែលជាសារពាង្គកាយកោសិកាតែមួយបណ្តាលឱ្យមានជំងឺឆ្លងហៅថា leishmaniasis ។ ពួកវាសកម្មបំផុតនៅពេលយប់ ហើយពួកវាក៏អាចរអិលខ្លួនចូលក្នុងមុង ឬក៏ចូលក្នុងតង់ និងបង្អួចបានយ៉ាងងាយ ដោយសារខ្លួនរបស់ពួកវាតូចខ្លាំងណាស់។
វេជ្ជបណ្ឌិត Mary Kamb អ្នកឯកទេសខាងរោគរាតត្បាតផ្នែកវេជ្ជសាស្រ្តនៅមជ្ឈមណ្ឌលគ្រប់គ្រងរបស់សហរដ្ឋអាមេរិកបាននិយាយថា ពេលខ្លះអ្នកមិនបានកត់សំគាល់ថាអ្នកត្រូវបានសត្វល្អិតទាំងនេះខាំនោះទេ។ ដូច្នេះនៅពេលរុយខ្សាច់ខាំនឹងមានរោគសញ្ញាពីរផ្សេងៗគ្នា ដោយរោគសញ្ញាទីមួយនឹងបណ្តាលឱ្យអ្នកកើតជំងឺស្បែក ខណៈដែលរោគសញ្ញាទីពីរបណ្តាលឱ្យខូចសរីរាង្គខាងក្នុង។
ទោះជាយ៉ាងណាក៏ដោយ ជំងឺទាំងនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សឡើយ ហើយវានឹងជាសះស្បើយឡើងវិញក្នុងរយៈពេល ៣-៤ ខែក្រោយ ប៉ុន្តែអាចនឹងមានស្លាកស្នាមនៅលើស្បែកបន្តិចបន្តួចជាដើម។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នជំងឺស្បែក leishmaniasis ដែលបង្កឡើងដោយសត្វរុយខ្សាច់ កំពុងមានការរីករាលដាលយ៉ាងខ្លាំងនៅក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ហើយក៏ត្រូវបានរកឃើញមួយចំនួននៅបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ៕










