ប្រទេសម៉ិកស៊ិក ៖ គេសង្កេតឃើញថា កាលពីដើមខែតុលា ឆ្នាំ២០២៣ មានជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ១ម៉ឺននាក់បានធ្វើដំណើរមកដល់ព្រំដែនអាមេរិក និងម៉ិកស៊ិក ស្របពេលមនុស្សជាច្រើននាក់ទៀតបានធ្វើចំណាកស្រុកឆ្លងទ្វីបសំដៅទៅទិសខាងជើង ។ ជារៀងរាល់ថ្ងៃ មានជនភៀសខ្លួនប្រមាណ៦.០០០នាក់បានលួចចូលមកកាន់តំបន់ភាគខាងត្បូងប្រទេសម៉ិកស៊ិក ។
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក លូបែស អូប្រាឌ័រ (López Obrador) ថ្លែងថា នៅដើមខែតុលា ឆ្នាំ២០២៣ មានជនភៀសខ្លួនចំនួន១ម៉ឺននាក់បានធ្វើដំណើរមកដល់ព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិកជារៀងរាល់ថ្ងៃ ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ គេប្រទះឃើញចំនួនជនភៀសខ្លួននៅព្រំដែនអាមេរិក និងម៉ិកស៊ិក បានកើនឡើងយ៉ាងឆាប់រហ័ស ហើយចំនួននេះអាចវ៉ាដាច់ចំនួនជនភៀសខ្លួនខ្ពស់បំផុត កាលពីខែសីហា កន្លងមក ។
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក លូបែស អូប្រាឌ័រ បញ្ជាក់ថា អាជ្ញាធរត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ និងស្វែងរកមូលហេតុនៃការធ្វើចំណាកស្រុក ។ លើសពីនេះ អាជ្ញាធរត្រូវគិតពីការស្វែងរកការងារធ្វើរបស់ពួកគេ ព្រមទាំងលើកកម្ពស់គុណភាពនៃការរស់នៅឱ្យល្អប្រសើរផងដែរ ។ លោកបានថ្លែងនៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសមកពីអាមេរិកឡាទីន និងមន្ត្រីអាមេរិកថា ៖ «អ្វីដែលយើងត្រូវមាន គឺបង្កើតការយោគយល់ និងកិច្ចសហការគ្នា ដើម្បីកុំឱ្យពួកគេបង្ខំចិត្តធ្វើចំណាកស្រុក» ។
ក្រៅពីនេះ លោក លូបែស អូប្រាឌ័រ ក៏បានសម្តែងការសោកស្តាយចំពោះការស្លា.ប់របស់ជនភៀសខ្លួនជនជាតិគុយបាចំនួន១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋឈីប៉ាស ដែលស្ថិតនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ៕
ប្រភព ៖ TNN World










