បេក្ខនារី The rapper Cambodia ស៊ិន វិច្ឆិកា បានធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំងក្រោយពីបានស្តាប់ការច្រៀងរ៉េបរៀបរាប់ពីប្រវត្តិរបស់នាងជាក្មេងកំព្រា មានក្តីសុខរយៈពេលខ្លីជុំជាមួយគ្រួសារ ហើយត្រូវរស់នៅតែលតោលជាមួយបងប្អូន៤នាក់។ ភាពរំជួលចិត្តនេះមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ សូម្បីគ្រូបង្វឹក Kingchi ក៏ទប់ទឹកភ្នែកមិនជាប់រលីញរលោងដូចគ្នាព្រោះលោកធ្លាប់សរសេរប៉ារ៉ូពីជីវិតក្មេងកំព្រាហើយក៏ដឹងពីអារម្មណ៍មួយនេះ។
វគ្គ Audition កម្មវិធី The rapper Cambodia បានឈានមកដល់សប្តាហ៍ទី៤ហើយដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី៨ តុលា នេះដោយមានបេក្ខជនខ្លះក៏ជោគជ័យអាចឈានទៅវគ្គបន្ត រីឯបេក្ខជនខ្លះទៀតក៏បរាជ័យ។ ទោះយ៉ាងណា សប្តាហ៍នេះទស្សនិកជនដែលបានទស្សនាហើយបង្ហាញអារម្មណ៍អាណិតយ៉ាងខ្លាំងចំពោះបេក្ខនារីម្នាក់ដែលមកចូលរួមប្រកួតច្រៀងរ៉េបពីជីវិតផ្ទាល់ខ្លួនដែលជាក្មេងកំព្រា។
បេក្ខនារីរូបនេះមានឈ្មោះថា ស៊ិន វិច្ឆិកា បច្ចុប្បន្នបានព្យួរការសិក្សានៅសាកលវិទ្យាល័យដោយសារតែកត្តាជីវភាព និងកំពុងបំរើការងារនៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ តាមការរៀបរាប់របស់ វិច្ឆិកា បានឱ្យដឹងថានាងជាក្មេងកំព្រាតាំងពីអាយុប្រហែល១០ឆ្នាំ រៀននៅថ្នាក់ទី៣ ។ វគ្គ Audition នេះ វិច្ឆិកា បានច្រៀងរ៉េបពីជីវិតផ្ទាល់ខ្លួនពីភាពសប្បាយរីករាយកាលពីវ័យកុមារនៅឯស្រុកទទួលបានភាពកក់ក្តៅពីឪពុកម្តាយបើទោះបីជាស្ថិតក្នុងជីវភាពប្រើអុសចង្កៀងប្រេងក៏ដោយ។ ប៉ុន្តែគួរឱ្យសោកស្តាយភាពកក់ក្តៅទាំងនោះមិនបានយូរឡើយដោយបងប្អូន៤នាក់របស់គេត្រូវរស់នៅជាក្មេងកំព្រាតាំងពីនៅក្មេង គ្មានឪពុកម្តាយហៅដូចមុនឡើយ។
ការច្រៀងរ៉េបរៀបរាប់ពីជីវិតនេះបានធ្វើឱ្យ វិច្ឆិកា មានភាពរអាក់រអួលបន្តិចក្នុងការច្រៀង ប៉ុន្តែទោះជាយ៉ាងណាបេក្ខនារីរូបនេះទទួលបានឱកាសពីគ្រូបង្វឹកខ្មែរមួយជីវិត ដោយលោកបានជាន់ហ្គែរយកនាងមកធ្វើជាកូនក្រុមផងដែរ។ មិនត្រឹមតែទស្សនិកតាមដានពោលអាណិតដល់ វិច្ឆិកា ប៉ុណ្ណោះទេប៉ុន្តែសូម្បីគ្រូបង្វឹក Kingchi ក៏បង្ហាញអារម្មណ៍ខ្សឹកខ្សួលអាណិតដល់នាងដូចគ្នា។ ជាមួយគ្នានេះអ្នកលេងបណ្តាញសង្គមក៏បានជូនពរដល់ វិច្ឆិកា ឱ្យសំណាងល្អទទួលបានភាពជោគជ័យបន្តទៀត៕
https://www.tiktok.com/@therappercambodia/video/7287633965509348626?is_from_webapp=1&web_id=7212447540943390209










