តារាសម្តែងជើងចាស់លោក សាវីន ហ្វីលីព ដែលមហាជនចាត់ទុកជាបុគ្គលគម្រូក្នុងជួរសិល្បៈក្រោយមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងល្បែងស៊ីសងអនឡាញ បានបង្ហោះសារសុំចិត្តតារាល្បីៗដែលមានឥទ្ធិពលលើបណ្តាញសង្គមបញ្ឈប់ការផ្សព្វផ្សាយករណីពីរនេះព្រោះវាជះឥទ្ធិពលមិនល្អដល់ក្មេងៗ។
នៅថ្ងៃទី៩ ខែតុលា នៅលើបណ្តាញសង្គមតារាសម្តែងលោក សាវិន ហ្វីលីព បានសរសេរបង្ហោះថា «សូមតារាល្បីៗដែលមានឥទ្ធិពលលើបណ្ដាញសង្គមល្មមបញ្ឈប់ការជួយផ្សាយល្បែងស៊ីសងនិងគ្រឿងស្រវឹងហើយ អាណិតក្មេងៗផង»។ ការបញ្ចេញទស្សនៈទៅលើរឿងនេះអ្នកលេងបណ្តាញសង្គមជាច្រើនរូបសុទ្ធសឹងតែបង្ហាញការយល់ស្របមិនចង់ឱ្យតារាៗល្បីឈ្មោះផ្សព្វផ្សាយរឿងទាំងនេះ។
លោក សាវិន ហ្វីលីព ត្រូវបានមហាជនចាត់ទុកថាលោកជាសិល្បករមួយរូបដែលមានឆន្ទៈមោះមុតបានប្រកាសមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងល្បែងស៊ីសងអនឡាញឡើយជាហេតុធ្វើឱ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងក្នុងនាមជាបុគ្គលសាធារណៈមួយរូបមិនដើម្បីតែលុយមួយមុខក្បត់ឧត្តមគតិរបស់ខ្លួន។ បើក្រលេកទៅបុគ្គលល្បីឈ្មោះមួយចំនួនវិញបានទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងល្បែងអនឡាញព្រោងព្រាតមិនខ្វល់ថាទង្វើនេះអាចជះផលអវិជ្ជមានដល់យុវវ័យ និងធ្វើឱ្យហ្វេនៗយកតម្រាប់តាមឡើយ។
នាបច្ចុប្បន្នទៀតសោត ការផ្សព្វផ្សាយស្រាបៀរលេចឡើងជាច្រើនទម្រង់គ្របដណ្តប់ច្រើនលើប្រព័ន្ធផ្សព្វផ្សាយស្របពេលដែលក្រុមហ៊ុនហ៊ានចំណាយលុយក្រាស់យកតារាកំពូលៗធ្វើជាអ្នកតំណាងស្រាបៀរទៀតកាន់តែជំរុញឱ្យឃើញយុវវ័យមួយចំនួនភ្លើតភ្លើនមិនបានគិតរាក់ជ្រៅពីសេពគ្រឿងស្រវឹងទាំងវ័យក្មេង៕
” />










