ប្រទេសហ្វីលីពីន ៖ នៅដើមខែតុលា ឆ្នាំ២០២៣ នេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បានចេញសេចក្តីជូនដំណឹងទៅកាន់អាកាសយានដ្ឋានពាណិជ្ជកម្មនៅទូទាំងប្រទេស ក្រោយពីទទួលបានការផ្ញើអ៊ីម៉ែលគំរាមថា នឹងបំផ្ទុះគ្រា.ប់បែ.ក ។ អ៊ីម៉ែលនេះបញ្ជាក់ថា នឹងដាក់គ្រា.ប់បែ.កនៅលើយន្តហោះ ដែលហោះហើរចេញពីទីក្រុងម៉ានីល ទៅកាន់អាកាសយានដ្ឋាន Puerto Princesa, Mactan-Cebu, Bicol និង Davao ។
ការផ្ញើសារគំរាមកំហែងតាមរយៈអ៊ីម៉ែលនេះ បានធ្វើឱ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនចេញសេចក្តីជូនដំណឹងទៅកាន់អាកាសយានដ្ឋានចំនួន៤២កន្លែងនៅទូទាំងប្រទេស និងជំរុញឱ្យមន្ត្រីនៅតាមអាកាសយានដ្ឋានយាមកាមសន្តិសុខឱ្យបានតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ ។ ការរឹតបន្តឹងសន្តិសុខនេះនឹងមានការយាមល្បាតនៅតាមផ្លូវថ្មើរជើង និងផ្លូវរថយន្ត ដើម្បីត្រួតពិនិត្យទាំងនៅលើយន្តហោះ និងបរិមាណក្នុងអាកាសយានដ្ឋានគ្រប់ទីកន្លែង ប៉ុន្តែជើងហោះហើរផ្សេងៗនៅតែផ្តល់សេវាកម្មជាធម្មតា ។
ក្រៅពីនេះ មន្ត្រីអាកាសចរណ៍បានណែនាំឱ្យអ្នកដំណើរទាំងអស់ត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅអាកាសយានដ្ឋាន ហើយអ្នកដំណើរត្រូវធ្វើដំណើរមកដល់អាកាសយានដ្ឋាន យ៉ាងហោចណាស់ ៣ម៉ោងមុន ។ អាជ្ញាធរអាកាសចរណ៍បានសំណូមពរឱ្យស្ថាប័នគ្រប់ផ្នែកសហការគ្នាយ៉ាងពេញលេញជាមួយភ្នាក់ងារសន្តិសុខ ដើម្បីរក្សាសុវត្ថិភាពនៅតាមអាកាសយានដ្ឋាន ។
ចំណែកក្រសួងគមនាគមន៍ហ្វីលីពីនបានចាត់កងកម្លាំង រួមទាំងក្រុម K9 (ឬក្រុមឆ្កែល្បាត) ធ្វើការត្រួតពិនិត្យនៅគ្រប់អគារអ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ។ ទោះយ៉ាងណា ក្រសួងគមនាគមន៍បញ្ជាក់ថា ហេតុការណ៍គំរាមនេះបានធ្វើឱ្យប៉ះពាល់ដល់តារាងហោះហើរ ហើយមន្ត្រីត្រូវតែធានាសុវត្ថិភាពដល់អ្នកដំណើរគ្រប់រូបជាចម្បង ៕
ប្រភព ៖ TNN World










