បន្ទាប់ពីមានមតិវែកញែកយ៉ាងច្រើនជុំវិញរឿងក្រុមចម្រៀង ក្មេងខ្មែរ ពិបាកក្នុងការថតនៅប្រាសាទបឹងមាលា លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានលើកឡើងពីបញ្ហានេះព្រមស្នើសុំ ដល់ក្រសួងពាក់ព័ន្ធសូមសម្រួលនិងពន្លឿននីតិវិធីយ៉ាងណាឱ្យបានលឿននិងល្អជាងនេះ។ ក្នុងនោះលោកជំទាវក៏ចាប់អារម្មណ៍ចំពោះសំណួរថា «គុណតម្លៃនៅត្រង់ណា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន យករូបអង្គរនិងឈ្មោះអង្គរ ដាក់លើកំប៉ុងឬដបស្រាបៀរនោះ?»។
នៅលើបណ្តាញសង្គមលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរបង្ហោះនៅល្ងាចថ្ងៃទី៤ អមមកជាមួយលិខិតបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានិងរូបភាពលោកជំទាវនៅប្រាសាទអង្គរវត្តថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែគោរពច្បាប់ ដែលរដ្ឋាភិបាលរបស់យើងបានកំណត់មក ប៉ុន្តែអ្វីដែលប្រជាជនខ្មែរ ក៏ដូចជានាងខ្ញុំផ្ទាល់ចង់ស្នើសុំ ដល់ក្រសួងពាក់ព័ន្ធ សូមសម្រួលនិងពន្លឿននីតិវិធីយ៉ាងណាឱ្យបានលឿននិងល្អជាងនេះ ដើម្បីបងប្អូនយើងក៏ដូចជាជនបរទេសងាយស្រួលបានថតនៅប្រាសាទអង្គរវត្ត និងប្រាសាទនានា ដើម្បីផ្សព្វផ្សាយ ដោយក្តីរីករាយនិងពោរពេញដោយអនុស្សាវរីយ៍ដ៏ប្រពៃក្នុងក្តីចងចាំអស់មួយជីវិតនៅលើទឹកដីអង្គរនៃយើង»។
ដោយឡែកផេកមួយឈ្មោះថា « ទេសចរណ៍-Tourism» បានលើកឡើងថា«
ខាងអាជ្ញាធរ រឹតបណ្តឹងការថតវីដេអូក្នុងតំបន់អង្គរព្រោះខ្លាចប៉ះពាល់សេចក្តីថ្លៃថ្នូរ រឺ គុណតម្លៃចំពោះសម្បត្តិដ៏មហាសាលរបស់កម្ពុជា (ចំពោះតែការថតក្នុងលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ ) admin គាំទ្រចំពោះចំណុចនេះ។ តែចង់សួរទៅកាន់ខាងអជ្ញាធរផងដែរថា តើថ្លៃថ្នូរត្រង់ណា គុណតម្លៃនៅត្រង់ណា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន យករូបអង្គរនិងឈ្មោះអង្គរ ដាក់លើកំប៉ុងស្រាបៀរ រឺដបស្រាបៀរនោះ ?ដួងព្រលឹងជាតិ វប្បធម៌ជាតិ អត្តសញ្ញាណជាតិ ទាំងមូលយកទៅផ្សព្វផ្សាយតាមរយៈស្រាបៀរ ? ថ្លៃថ្នូរត្រង់ណា? គុណតម្លៃត្រង់ណា? មោទកភាពជាតិត្រង់ណាដែរ?»។
ការលើកឡើងរបស់ផេកខាងលើនេះមានមហាជនជាច្រើនបានបង្ហាញការយល់ស្របនឹងចង់ឱ្យខាងអាជ្ញាធរពន្យល់លើចំណុចនេះ សូម្បីលោកជំទាវក៏បានស៊ែរ និងសរសេរដោយខ្លីដែរថា «សំណួរប្រចាំឆ្នាំ២០២៣»៕










