គ្រាន់តែចង់ផ្លាស់ប្តូរស្ទាយ៍ថ្មីសម្រាប់ខ្លួនឯងស្រីស្អាត ឡូរីន គូស្នេហ៍តារារ៉េប វណ្ណដា បែរជាមានអ្នកអង្គុយចាំរិះគន់ទៅវិញរហូតរូបនាងអត់ទ្រាំពុំបានពន្លះទៅវិញយ៉ាងចាស់ដៃទៅដល់អ្នកច្រណែននាងថាបើអត់ខ្វល់ពីជីវិតនាងអ្នករិះគន់នោះរឹតតែស្អាតហើយថ្លៃថ្នូរជាងនេះ។
នៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី៥ តុលា នេះ ឡូរីន បានបង្ហោះថា «យូរៗទៅកាន់តែយូរៗទៅ… ខ្ញុំពិតជាទ្រាំអត់បានមែន សក់ខ្ញុំក្បាលខ្ញុំចិញ្ចើមខ្ញុំ ខ្ញុំចង់ប្តូរstyleថ្មីសម្រាប់ខ្លួនឯងអត់បានទៅផ្គាប់ចិត្តអ្នកណាគេទេ ឬព្យាយាមធ្វើអីដែលមិនមែនជាខ្លួនឯង។ ខ្ញុំចង់សាកអីដែរថ្មីបន្ថែមរសជាតិសម្រាប់ខ្លួនឯងខ្ញុំព្យាយាមស្ងាត់បំផុត ខ្ញុំស្អាតរឺអាក្រក់ក៏វាអត់បានជះឥទ្ធិពលអាក្រក់ទៅអ្នកដទៃ ហើយវាក៏មិនអាក្រក់ដល់អ្នកចូលចិត្តដៀលគេទាំងឡាយដែរ…»។
ស្រីស្អាត ឡូរីន បន្តទៀតថា «ខ្ញុំធំឡើងមកដល់ថ្ងៃនេះ មិនដែលប៉ះពាល់អ្នកណា throw shade និយាយពីរូបរាងគេ រឺច្រណែនណាគេទេ…ខ្ញុំសុខចិត្តអាក្រក់ ក៏មិនសុខចិត្តជាប់ជាហ្វូងមនុស្សចូលចិត្តដៀល ចាំតែសើចចំអកចិត្តអាក្រក់ មាត់ចេះតែចង់និយាយពីគេ មនុស្សស្រីដៀលមនុស្សស្រីគ្នាឯង…ទម្លាប់មាត់អាក្រក់និយាយពីគេ បាបហើយវាអត់ស្អាតទេវាគគ្រិច ស្មោគរោគ អាក្រក់ជាងចិញ្ចើមខ្ញុំទៀត ចិញ្ចើមខ្ញុំសក់ខ្ញុំអាចប្តូរពណ៌បាន សណ្តានមនុស្សចូលចិត្តដៀលគេ គ្មានពណ៌ណាលុបជ្រះទេ»។
ឡូរីន សង្កត់បន្ថែមថា «អ្នកដៀលខ្ញុំស្អាតៗណាស់ បើអត់ខ្វល់ពីជីវិតខ្ញុំអ្នករឹតតែស្អាតហើយថ្លៃថ្នូរ»។
ក្រោយពីពន្លះដាក់អ្នករិះគន់ខ្លួនហើយ មិនបានប៉ុន្មានម៉ោងស្រីស្អាតរូបនេះក៏សម្រេចចិត្តលុបការបង្ហោះរបស់ខ្លួនវិញផងដែរ។ គេចាំបានដែរថា កាលពីខែកក្កដា កន្លងទៅនេះ ឡូរីន បានចេញមកបង្ហោះសារយ៉ាងវែងអន្លាយដូចគ្នាដែលសំណេរនោះហាក់ចង់ផ្លែផ្កាអ្នកដែលចូលចិត្តទើសនាងដូចគ្នាព្រោះនាងមិនអាចល្អគ្រប់ដប់ផ្គាប់ចិត្តបានគ្រប់គ្នាឡើយ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហោះរួចនាងក៏សម្រេចចិត្តលុបវិញដូចគ្នា៕ 










