ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីអបអរសាទរទិវាជាតិគ្រូបង្រៀន ០៥ តុលា ២០២៣ ដែលជាខួបលើកទី២៦ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លាចំពោះគ្រូបង្រៀននៅទូទាំងប្រទេស និងឱ្យសាធារណជនទូទៅបានយល់ច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន និងអត្ថន័យនៃទិវានេះ។

នៅក្នុងនោះ ក្រសួងក៏បានបានរៀបចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ តែងនិពន្ធពានសម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ដើម្បីអបអរសារទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ខាងមុខនេះផងដែរ។

ទិវាគ្រូបង្រៀននេះបានប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ៕