ទីនីន បានបញ្ជាក់ទៅកាន់អ្នកលេងបណ្តាញសង្គមថា Queen ដែលនាងនិយាយនៅក្នុងវីដេអូមិនមែនជា ពេជ្រ វត្តីសារ៉ាវឌ្ឍី នោះទេ។ មុននឹងបញ្ជាក់នេះ ទីនីន បានចេញវីដេអូច្រានចោលនូវការចោទប្រកាន់ពីបវរកញ្ញាម្នាក់ដែលថានាងយកកូនដើម្បីចងជើងប្តី ខណៈបវរកញ្ញានោះជាមនុស្សស្រីតែចូលចិត្តជាន់មនុស្សស្រីដូចគ្នា។

ថ្មីៗនេះ ទីនីន បានបង្ហោះវីដេអូមួយដោយមានអក្សរលើវីដេអូនោះថា «ច្រានចោលរឿងយកកូនចងជើងប្តី»។ អ្នកលក់អនឡាញរូបនេះបានហៅបវរកញ្ញានោះថាជាបវរកញ្ញាមាត់ឆ្កែ Women In Power Women ប៉ុន្តែជាន់តែមនុស្សស្រីគ្នាឯង ហើយបាននិយាយពីនាងប្រហែលជាកន្លះឆ្នាំមុន។ ទីនីន ថានាងមិនមែនជាមនុស្សប្រភេទយកកូនដើម្បីចងជើងប្តីនោះទេហើយនាងក៏មិនទាន់ចង់មានកូនដែរ ប៉ុន្តែចៃដន្យនាងក៏មានកូនដោយមិនបានដឹងខ្លួនឡើយ ខណៈនាងក៏មានការពន្យារកំណើតដែរ។ លើសពីនេះទៅទៀតនាងបានទៅសិង្ហបុរី ជិះ roller coaster ដោយសារតែពុំបានដឹងខ្លួនថាមានកូនឡើយ។

ទីនីន បានលើកឡើងថា នាងអាចយកកូនចេញជាមេម៉ាយកូន១ដោយគ្មានអ្នកណាដឹងប៉ុន្តែនាងមិនធ្វើបែបនោះទេ ដែលជាម្តាយមួយរូបទៅធ្វើបាបកូនខ្លួនឯងទាំងមិនទាន់ឃើញពន្លឺព្រះអាទិត្យ។ អ្នកលក់អនឡាញរូបនេះថា ជាមនុស្សស្រីដូចគ្នាធ្វើឱ្យជីវិតពិតដូចជាជីវិតនៅលើឆាក មិនមែនមានរឿងកើតឡើងពេលណាតែងតែជាន់មនុស្សស្រីគ្នាឯង ហែកហួរពីមនុស្សស្រីគ្នាឯង ដោយមិនដែលនិយាយពីមនុស្សប្រុសឡើយ។ ទីនីន បានបង្ហើបទៀតថាបវរកញ្ញានោះនិយាយពីនាងជាច្រើន មិត្តភក្តិរបស់បវរកញ្ញានោះក៏បាននិយាយដៀមដាមជេរនាងនិងកូនដោយគិតថាមិនដឹងនរណាជាឪពុកពិតប្រាកដ ដែលឪពុកគេបានដឹងថាជាកូនរបស់គេ។

ការលើកឡើងរបស់ ទីនីន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាពិសេសដោយសារតែការលើកឡើងនេះទាក់ទងនឹងបវរកញ្ញា។ ជុំវិញមតិវែកញែកជាច្រើន ពីអ្នកលេងអ៊ីនធឺណិតនិងមិនចង់ឱ្យមានការយល់ច្រឡំ ទីនីន បានបញ្ជាក់យ៉ាងច្បាស់លាស់ថាមនុស្សដែលនាងនិយាយមិនមែនជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឡើយ។ 
ទីនីន បានសរសេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា ការលើកឡើងរបស់នាងមិនសំដៅទៅកាន់ពេជ្រ វត្តី ឡើយ។ វត្តី ជាមនុស្សផ្អែមល្ហែមម្នាក់ហើយអ្នកទាំងពីរគឺជាមិត្តភក្តិនឹងគ្នាទោះបីជាមិនជិតស្និទ្ធនឹងគ្នាក៏ដោយ៕










