មិនត្រឹមតែក្រសោបភាពល្បីល្បាញក្នុងប្រទេសតែប៉ុណ្ណោះទេ តែគូស្នេហ៍តារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស អាចឆាបឆក់បេះដូងម្ចាស់ប្រ៊េនល្បីឈ្មោះអញ្ជើញទៅចូលរួមក្នុងកម្មវិធី Fashion នៅទ្វីបអ៊ឺរ៉ុបថែមទៀត ខណៈគ្រាន់តែអ្នកទាំងពីរចំណាយលើសំលៀកបំពាក់ចូលរួមក្នុងកម្មវិធីអស់រាប់ម៉ឺនដុល្លារឯណោះ។

ស្ថិតក្នុងសំលៀកបំពាក់ពណ៌ខ្មៅ BRAND ELIE SAAB របស់ ជី ដេវីត មានតម្លៃ ៤, ៤០៥ ដុល្លារ ស្បែកជើងមានតម្លៃ ១,២១៥ ដុល្លារ និងវែនតាម៉ាក DIOR មានតម្លៃ ៤៩០ អឺរ៉ូ ខ្ទង់ ៥១២ដុល្លារ សរុបតួលេខត្រឹម៣មុខនេះ ជី ដេវីត ចំណាយ ជាង៦០០០ដុល្លារដោយមិនរាប់បញ្ជូលគ្រឿងអលង្ការពេជ្រឡើយ។

ងាកមកកាន់តារាចម្រៀង ទេព បូព្រឹក្ស រឹតតែចំណាយច្រើនជាងលោក ជី ដេវីត ទៅទៀតស្ថិតក្នុងរ៉ូបពណ៌ក្រហមវែងនេះមានតម្លៃរហូតទៅដល់៥ ៨០០ដុល្លារ ចំណែកឯកាប៉ូបយួរដៃគឺកប់សារីតែម្តងមានតម្លៃរហូតដល់ ៤០ ០០០ដុល្លារ ដែលជាម៉ាក Dior ស្បែកក្រពើ ជាប្រភេទផលិតមានចំនួនកំណត់។ កាបូបដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះហើយបានធ្វើឱ្យមានការស្ងប់ស្ងែងមិនតិចនោះទេចំពោះ ទេព បូព្រឹក្ស ក្នុងការកាន់កាបូបដ៏ប្រណីតនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Fashion Week នៅបារាំងនេះគឺធំជាង២ដងកម្មវិធី Fashion នៅអ៊ីតាលី ទៅទៀត។ ការចូលរួមរបស់អ្នកទាំងពីរក្នុងនាមជាតារាកម្ពុជាពិតជាធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តណាស់ដែលឃើញកូនខ្មែរមានមុខមានមាត់នៅក្នុងកម្មវិធីធំៗបែបនេះនៅទ្វីបអឺរ៉ុប៕