ទោះបីជាប្រឈមនឹងមតិអវិជ្ជមានមួយចំនួនដោយសារតែការប្រើប្រាស់ភាសាបរទេសមិនសូវបានល្អក្តីប៉ុន្តែអ្នកគាំទ្របានឃើញថា អ៊ិន លក្ខិណា Miss World Cambodia 2026 នៅតែប្រឹងព្យាយាមចំពោះកាតព្វកិច្ចក្នុងការតំណាងប្រទេសដោយមិនបន្ធូរដៃឡើយ។ ជាក់ស្តែង ថ្មីៗ លក្ខិណា ទើបតែបង្ហាញវីដេអូមួយនៃការរាំរបាំរបស់នាងក្នុងវគ្គបង្ហាញពីទេពកោសល្យសម្រាប់កម្មវិធី Miss World ។

នៅថ្ងៃទី៧ ខែសីហា អ៊ិន លក្ខិណា បានបង្ហោះវីដេអូមួយនៃការរាំរបាំរបស់នាងក្រោយការបង្ហាត់បង្រៀនដោយលោក ទេស សុខន។ លក្ខិណា បានបញ្ជាក់ថា «នេះជាវីដេអូដែលបង្ហាញពីទេពកោសល្យសម្តែងរបស់ខ្ញុំ គឺ «របាំសត្វព្រាបសន្តិភាព» ដែលបង្ហាញជាផ្នែកមួយនៃការប្រកួតបវរកញ្ញាពិភពលោកលើកទី៧៥នៅឯប្រទេសវៀតណាម។ តាមរយៈការសម្តែងនេះ ខ្ញុំសង្ឃឹមថានឹងបង្ហាញសារនៃសន្តិភាព ក្តីសង្ឃឹម ឯកភាព និងភាពសុខដុមរមនាដល់ពិភពលោក ខណៈពេលដែលតំណាងឱ្យស្មារតី និងសម្រស់របស់ប្រទេសកម្ពុជាដោយមោទនភាពនៅលើឆាកអន្តរជាតិ»។ 
គួរឱ្យដឹងថា អ៊ិន លក្ខិណា នឹងចេញទៅប្រកួតនៅឯប្រទេសវៀតណាមនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នេះ។ ក្នុងពេលដែល អ៊ិន លក្ខិណា ទទួលបានការតែងតាំងជា Miss World Cambodia 2026 អ្នកតាមដានវិស័យបវរកញ្ញាបានបញ្ចេញមតិប្រតិកម្មចម្រុះ។ អ្នកខ្លះក៏បង្ហាញការគាំទ្រ ចំណែកមតិខ្លះទៀតមិនសូវជាពេញចិត្តដោយសារតែ លក្ខិណា ប្រើប្រាស់ភាសាអង់គ្លេសនៅមានកម្រិត។

ទោះយ៉ាងណា អ្នកគាំទ្រនៅតែលើកទឹកចិត្តនិងគាំទ្រទៅកាន់ អ៊ិន លក្ខិណា ដោយសង្ឃឹមថានាងនឹងអាចបំបែកប្រវត្តិសាស្រ្តបើកទ្វារកម្ពុជាចូល TOP នៅក្នុងការប្រកួតនេះបន្ទាប់ពីកន្លងមកអ្នកតំណាងកម្ពុជាជាច្រើនរូបបរាជ័យលើឆាក Miss World។ .png)
កាលពីឆ្នាំ២០២៤ អ៊ិន លក្ខិណា បានធ្វើឱ្យមានការសាទរយ៉ាងខ្លាំងបន្ទាប់ពីនាងត្រូវបានតែងតាំងជា Miss Cosmo Cambodia លើកដំបូងនិងបាននាំកម្ពុជាចូលទៅចំណាត់ថ្នាក់១០នាក់ចុងក្រោយនៃការប្រកួត។ ចាប់តាំងពីពេលនោះមក លក្ខិណា ទទួលបានការគាំទ្រលើវិស័យបវរកញ្ញាជាងមុនខណៈនាងក៏មានការងារជាច្រើននៅឯប្រទេសវៀតណាម៕










