ប្រទេសថៃ ៖ សារព័ត៌មានប្រទេសថៃបានបង្ហោះវីដេអូមួយដែលបង្ហាញពីព្រះសង្ឃ១អង្គគង់នៅក្នុងបាត្រដ៏ធំ ហើយព្រះអង្គក៏បានឆាន់ចង្ហាន់, ទឹក និងភេសជ្ជៈឱ្យអ្នកស្រុកមើល ដោយសារព័ត៌មានថៃសរសេរថា ៖ «ព្រះសង្ឃនៅខេត្តរ៉យអេត គង់ឆាន់ចង្ហាន់ក្នុងបាត្រ» ។ នៅពេលគេចែកចាយវីដេអូនេះក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃសួរថា តើធ្វើបែបនេះដើម្បីអ្វី ? ចំណែកអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា ធ្វើរហូតដល់ព្រះសង្ឃជាន់ខ្ពស់ តើធ្វើបែបនេះសមរម្យដែរឬទេ ?
បើតាមបុរសម្នាក់ឈ្មោះ ឌែង ប៉ុងខេត អាយុ៦៧ឆ្នាំ រស់នៅស្រុកអាតសាម៉ាត់ ខេត្តរ៉យអេត រៀបរាប់ថា ហេតុការណ៍ព្រះសង្ឃឆាន់ចង្ហាន់នៅក្នុងបាត្រដ៏ធំនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ហើយរូបលោកក៏ស្ថិតក្នុងហេតុការណ៍នេះដែរ ។ នៅថ្ងៃនោះ ខេត្តរ៉យអេតបានរៀបចំគម្រោងមួយដើម្បីជួយសង្គ្រោះអ្នកជំងឺសម្រាកនៅលើគ្រែ ហើយក៏បាននិមន្តព្រះសង្ឃមកពីវត្តផ្សេងៗនៅស្រុកអាតសាម៉ាត់ មកចូលរួមក្នុងកម្មវិធី ព្រមទាំងមានការបិណ្ឌបាត្រ និងដង្ហែរបាត្រធំទៅកាន់ភូមិនានា ដើម្បីឱ្យអ្នកស្រុកបានចូលរួមបរិច្ចាគបច្ច័យក្នុងបាត្រធំ ។ ក្រោយមក គណៈកម្មការរៀបចំកម្មវិធីក៏បានយកបាត្រដ៏ធំនេះមកទុកនៅសាលាឆាន់ក្នុងវត្តបានប៉ៅ ដើម្បីយកបច្ច័យ និងសម្ភារផ្សេងៗចេញពីក្នុងបាត្រទៅឧបត្ថម្ភអ្នកជំងឺ ។ ពេលនោះ នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ គឺជាពេលព្រះសង្ឃឆាន់ចង្ហាន់ ដូច្នេះ អ្នកភូមិក៏នាំគ្នាប្រគេនចង្ហាន់ដល់ព្រះសង្ឃ ។
ចំណែកព្រះសង្ឃព្រះនាមចាន់ ឬព្រះគ្រូ Ubon Khemaphon អាយុ៦៩ឆ្នាំ និមន្តមកពីស្រុកអាតសាម៉ាត់ បានឃើញបាត្រលោកដ៏ធំនៅក្បែរនោះ ព្រះអង្គក៏និយាយទៅកាន់ញាតិញ៉ោមថា ៖ «បន្តិចទៀត អាត្មានឹងឆាន់ចង្ហាន់ក្នុងបាត្រនេះឱ្យមើល» ។ ពេលនិយាយចប់ ព្រះអង្គក៏ចូលទៅគង់ក្នុងបាត្រដែលមានជម្រៅប្រមាណ៨០សង់ទីម៉ែត្រ ពេលអ្នកស្រុកឃើញបែបនេះ ក៏នាំគ្នាយកទូរស័ព្ទមកថតវីដេអូ ។
លោក ឌែង ប៉ុងខេត រៀបរាប់ទៀតថា ព្រះសង្ឃតាំងចិត្តធ្វើបែបនេះ ព្រោះចង់ឱ្យគេដឹងថា ការឆាន់បាយនៅក្នុងបាត្រលោក គឺត្រូវតែធ្វើបែបនេះ ហើយព្រះអង្គជាព្រះសង្ឃដំបូងគេដែលឆាន់ចង្ហាន់ក្នុងបាត្រពិតប្រាកដ ។ លោកគិតថា ព្រះសង្ឃធ្វើអីចឹង មិនខុសឆ្គងអ្វីទេ ។
ព្រះសង្ឃព្រះនាម Ubon Khemaphon ដែលគង់ឆាន់ចង្ហាន់ក្នុងបាត្រ និងល្បីល្បាញក្នុងបណ្តាញសង្គម មានពុទ្ធដីកាថា ៖ «អាត្មាបានតាំងចិត្តចូលមកគង់ក្នុងបាត្រ ហើយអាត្មាក៏ឆាន់ចង្ហាន់ផ្សេងៗក្នុងបាត្រនេះ ព្រោះអាត្មាធ្លាប់តែឮពាក្យថា ឆាន់បាយក្នុងបាត្រ ប៉ុន្តែពុំទាន់មានព្រះសង្ឃណាមួយគង់ក្នុងបាត្រទេ ។ អាត្មាឃើញតែព្រះសង្ឃដួសបាយចេញពីបាត្រយកមកឆាន់ខាងក្រៅរហូត ។ ដូច្នេះ អាត្មាក៏បានគង់ក្នុងបាត្រ រួចឆាន់បាយឱ្យញាតិញ៉ោមមើល ស្រាប់តែអ្នកស្រុកជាច្រើននាក់យកទូរស័ព្ទមកថតអាត្មា ហើយការធ្វើបែបនេះ អាត្មាគិតថា មិនខុសអ្វីទេ» ។
អ្នកលេងបណ្តាញសង្គមថៃរិះគន់ថា ៖ «ព្រះអង្គលេងដូចកូនក្មេងអីចឹង» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ការធ្វើបែបនេះនឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះដល់ព្រះពុទ្ធសាសនា» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ព្រះអង្គចង់ល្បី ហើយក៏លេងដូចក្មេងៗ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ឆាន់បាយធម្មតាៗ ពិភពលោកមិនចងចាំទេ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «មកពីព្រះអង្គចង់ផ្លាស់ប្តូរបរិយាកាស» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «មកពីព្រះអង្គចង់ល្បីល្បាញតាមទូរទស្សន៍ដូចគេដែរ» ៕
ប្រភព ៖ amarin news










