ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ នៅក្នុងខេត្តកំពង់ស្ពឺ។
រោងចក្រសុីម៉ងត៍ នេះមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
ក្រៅពីគម្រោងរោងចក្រស៊ីម៉ងត៍នេះ ក៏មានគម្រោងរោងចក្រផលិតស៊ីម៉ងត៍មួយទៀតផងដែរ របស់ក្រុមហ៊ុន Donfang Junma Cement Co., LTD ដែលនឹងសាងសង់រោងចក្ររបស់ខ្លួន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចយល់ព្រមកាលពីខែមិថុនា។
គួរបញ្ជាក់ផងដែរថា រោងចក្រស៊ីម៉ងត៍ ដែលកំពុងដំណើរការនៅកម្ពុជា រួមមាន៖
• រោងចក្រស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី
• រោងចក្រ ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង
• រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន
• រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត
• ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត










