រដ្ឋធានីណៃពិដោ៖ ក្រោយការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រួចមក ពួកយោធា បានចាប់ខ្លួនលោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) និង អ្នកនយោបាយសំខាន់ៗរបស់លោកស្រី ដាក់ពន្ធនាគារ អស់រយៈពេលជាង២ឆ្នាំ ប៉ុន្ដែឥឡូវបែរជារដ្ឋាភិបាលសឹក បានបន្ធូរបន្ថយទោសទណ្ឌ ចំនួន៥បទល្មើស នៅក្នុងសំណុំរឿងចោទប្រកាន់ ចំនួន១៩ករណី ប្រឆាំងនឹងលោកស្រី ទើបអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី បានអះអាង ថា សកម្មភាពបែបនេះ ជាកាយវិការគ្មានន័យ ព្រោះមេដឹកនាំរូបនេះ មិនសមនឹងត្រូវជាប់ទោសទណ្ឌនោះឡើយ។
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ថា លោក ស៊ាន ធូណែល (Sean Turnell) អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ោង សានស៊ូជី ទីប្រឹក្សារដ្ឋ ដែលត្រូវបានបណ្ដេញចេញពីតំណែង បានអះអាង ថា ក្រុមមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត តាមបែបលទ្ធប្រជាធិបតេយ្យ មិនគួរនឹងត្រូវជាប់គុកទាល់តែសោះ។ ដោយឡែក ការបន្ធូរបន្ថយទោសនេះ ពីរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ជាកាយវិការដ៏គ្មានន័យ។
រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ (ទី១ ខែសីហា) បានប្រកាស ថា រដ្ឋាភិបាល បានបន្ធូរបន្ថយទោស ដល់មន្រ្ដីសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានពួកយោធា ផ្ដួលរំលំ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃរដ្ឋាភិបាល ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានពួកយោធា បណ្ដេញចេញពីអំណាច និង ចាប់ដាក់គុក។ ប៉ុន្ដែឥឡូវ រដ្ឋាភិបាលសឹក បានបន្ធូរបន្ថយកម្រិតទោសជាប់គុក រយៈពេល៦ឆ្នាំ ពីក្នុងចំណោមទោសទណ្ឌកម្មរបស់គាត់ រយៈពេល៣៣ឆ្នាំ។ រីឯលោក វីន មីយិនត៍ (Win Myint) ប្រធានាធិបតី ដែលត្រូវបានបណ្ដេញពីអំណាច ក៏ត្រូវបានពួកយោធា បន្ថយទោសជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំផងដែរ។ ការបន្ធូរបន្ថយកម្រិតជាប់ទោសរបស់អ្នកទោសនយោបាយផ្សេងៗទៀត ទំនងជាស្ថិតក្នុងការកាត់ទោស។
ការកាត់បន្ថយកម្រិតទោស ដល់អ្នកទោសនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើង ត្រឹមតែមួយថ្ងៃ ក្រោយពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានពង្រីកស្ថានភាពគ្រាអាសន្នរបស់ខ្លួន ខណៈរដ្ឋាភិបាលសឹកមួយនេះ បានអះអាង ថា រដ្ឋាភិបាល នឹងគ្រប់គ្រង រយៈពេល៦ខែបន្ដទៀត។ សកម្មភាពបែបនេះ ជាការបន្ថែមស្ថានភាពគ្រាអាសន្ន ជាលើកទី៤ ដោយបំពារបំពាន ទៅលើរដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា ដោយកំណត់អំពីការបន្ថែមស្ថានការណ៍បែបនេះ ត្រឹមតែ២ដងប៉ុណ្ណោះ។
ការគ្រប់គ្រងរបស់ពួកយោធា អស់រយៈពេល២ឆ្នាំកន្លះកន្លងមកនេះ បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ឈានទៅរកការបំផ្លិចបំផ្លាញមិនធ្លាប់មាន, ការសម្លាប់រាប់ពាន់នាក់ និង ការផ្លាស់ទីលំនៅរបស់ប្រជាជន ប្រហែល៣លាននាក់។ ស្របគ្នានេះ ប្រទេសជិតខាងរបស់ប្រទេសអាស៊ានមួយនេះ បានទទួលជនភៀសខ្លួនជាថ្មី មកពីប្រទេសមីយ៉ាន់ម៉ា ខណៈសេដ្ឋកិច្ចរបស់ប្រទេសភូមា កំពុងតែស្ថិតក្នុងស្ថានភាពដួលរលំ ហើយប្រជាជន ភាគច្រើន ជាពិសេស នៅតំបន់ជនបទ បានកាត់បន្ថយនូវកម្រិតរបបអាហារ ដោយសារតែពួកគេ កំពុងតែប្រឈមនឹងគ្រោះអត់ឃ្លាន។
បញ្ហាជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា នឹងមិនត្រូវបានដោះស្រាយ តាមរយៈការបន្ធូរបន្ថយទោស ដល់អ្នកទោសនយោបាយ ដែលមិនគួរនឹងត្រូវកាត់ទោស តាំងពីដំណាក់កាលដំបូងមកម៉្លេះ។ ការផ្លាស់ប្តូរពិតប្រាកដ អាចនឹងធ្វើទៅបាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែវាមិនមែន កើតចេញពីការអបអរសាទរ ដល់កាយវិការ ដោយគ្មានន័យបែបនេះឡើយ៕










