ប្រទេសវៀតណាម ៖ យោងតាមទិន្នន័យរបស់នាយកដ្ឋានគយវៀតណាមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ចំនួនការនាំចេញទុរេនរបស់វៀតណាមទៅក្រៅប្រទេស បានកើនឡើងរហូតដល់១៩ដង បើធៀបពី១ឆ្នាំទៅ១ឆ្នាំ ហើយស្មើនឹងទឹកប្រាក់ចំនួន៨៧៦លានដុល្លារអាមេរិក ។ ក្នុងចំនួននេះ ការនាំចេញទុរេនទៅប្រទេសចិនតែមួយ ស្មើនឹងទឹកប្រាក់៨៣៥លានដុល្លារអាមេរិកឯណោះ ។
លោក Dang Phuc Nguyen លេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា ទុរេនដែលដាំនៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម បានប្រមូលផលចាប់ខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣ ហើយទុរេនដែលដាំនៅតំបន់ខ្ពង់រាបកណ្តាលនឹងដល់រដូវប្រមូលផលនៅខែសីហា ដល់ខែធ្នូ ។
កន្លងមក ទុរេនវៀតណាមអាចលក់ឱ្យបណ្តាក្រុមហ៊ុន និងឈ្មួញតូចតាចមកពីប្រទេសចិនក្នុងតម្លៃខ្ពស់ ដោយសារការដឹកជញ្ជូនទុរេនពីប្រទេសវៀតណាមទៅកាន់ចិនចំណាយពេលវេលាឆាប់រហ័ស ។ ហេតុនេះ ទើបធ្វើឱ្យផ្លែឈើនៅតែមានសភាពស្រស់ ហើយវៀតណាមមានប្រៀបក្នុងការប្រកួតប្រជែងច្រើនជាងទុរេនរបស់ថៃ ។ បច្ចុប្បន្ន ការលក់ទុរេនមានគុណភាពល្អបំផុតនៅតាមចម្ការ គឺមានតម្លៃចាប់ពី៣,៥៩ដុល្លារ ទៅ៤,២២ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។ លើសពីនេះ នៅឆ្នាំ២០២៣ ទុរេនវៀតណាមមានគុណភាពល្អជាងឆ្នាំមុនៗ ហើយតម្រូវការក្នុងស្រុកក៏បានកើនឡើងផងដែរ ចាប់ពី១០% ទៅ១៥% ក្នុងឆមាសទី១ ឆ្នាំ២០២៣ ។
តាមទិន្នន័យរបស់នាយកដ្ឋានដាំដុះរុក្ខជាតិវៀតណាមបង្ហាញថា បច្ចុប្បន្ន មានផ្ទៃដីដាំទុរេនចំនួន១១០.៣០០ហិកតា ខណៈនៅឆ្នាំ២០១៧ មានផ្ទៃដីដាំទុរេនត្រឹមតែ៣៧.០០០ហិកតាប៉ុណ្ណោះ ។ ទិន្នផលទុរេននៅឆ្នាំ២០២៣ ស្មើនឹងប្រមាណ១លានតោន និងខ្ពស់ជាងឆ្នាំ២០២២ ក្នុងអត្រា១៥,៩% ។ វៀតណាមរំពឹងថា ខ្លួននឹងអាចនាំចេញទុរេនទៅក្រៅប្រទេស ចាប់ពី៤សែន ទៅ៥សែនតោន ខណៈប្រទេសថៃបាននាំចេញទុរេនជាង៨សែនតោន កាលពីឆ្នាំ២០២២ ។
រដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើល័ក្ខខ័ណ្ឌ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនច្បាប់ ដើម្បីជំរុញការអភិវឌ្ឍទីផ្សារបន្លែ និងផ្លែឈើរបស់វៀតណាម ។ ដូច្នេះ វាធ្វើឱ្យនៅឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញបន្លែ និងផ្លែឈើវៀតណាមកើនឡើង៦០% បើធៀបពី១ឆ្នាំទៅ១ឆ្នាំ ៕ ប្រភព ៖ AEC connect










