សិល្បករ-សិល្បការិនី និងសាធារណជន ដែលមានទេពកោសល្យនិងជំនាញផ្នែកចាប៉ីដងវែង អាចចូលរួមប្រកួតមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព » ខណៈម្ចាស់ជ័យលាភីលេខ១ទទួលបានពានមាសមួយនិងទឹកប្រាក់ចំនួន៦លានរៀល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
តាមសេចក្តីជូនដំណឹងដដែល ការរៀបចំមហោស្រពចាប៉ីដងវែងនឹងប្រារព្ធឡើងចំនួន៣ថ្ងៃ នាថ្ងៃទី ០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព និងមានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្ស តម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសចាប៉ីដងវែងដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចំពោះលក្ខខណ្ឌនៃការចូលរួមក្នុងកម្មវិធីនេះគឺ
១. បេក្ខជនជាមន្ត្រីរាជការ ឬមហាជន ដែលពុំមែនជាបេក្ខជនជ័យលាភីនៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេសក្នុងឆ្នាំកន្លងៗមក
២. ចំពោះបេក្ខជនជានារី និងជនមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត ។
៣. បេក្ខជនត្រូវបំពេញពាក្យសុំប្រឡង និងប្រវត្តិរូបសង្ខេបចំនួន០១ច្បាប់
៤. ក្នុងករណីក្រុមការងាររៀបចំមហោស្រព ពិនិត្យឃើញវីដេអូរបស់បេក្ខជនណាមួយខុសលក្ខខណ្ឌ នោះក្រុមការងារ មិនបញ្ជូនឯកសារឱ្យគណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឡើយ។
ដោយឡែកសម្រាប់កាលបរិច្ឆេទចុះឈ្មោះ និងដាក់ពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ សម្រាប់វិញ្ញាសាវិញបេក្ខជនត្រូវឆ្លងកាត់វិញ្ញាសារប្រលងចំនួន៣លើក។ ក្នុងនោះដែរ បេក្ខជនដែលជាប់ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ តម្រូវឱ្យឡើងមកប្រឡងផ្ទាល់នៅរាជធានីភ្នំពេញ ហើយការប្រឡងវគ្គផ្ដាច់ព្រ័ត្រនេះគឺចែកចេញជាពីរវគ្គ លើវិញ្ញាសាដែលគណៈកម្មការមេប្រយោគដាក់ជូនភ្លាមៗពេលប្រឡង រយៈពេល១៥នាទី នៅថ្ងៃទី០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលឈ្នះការប្រឡងប្រជែងក្នុងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ នឹងទទួលបានដូចជា៖
– ជ័យលាភីលេខ១ ៖ ទទួលបានពានមាស១ ទឹកប្រាក់ ៦,០០០,០០០រៀល
– ជ័យលាភីលេខ២ ៖ ទទួលបានពានប្រាក់១ ទឹកប្រាក់ ៤,០០០,០០០រៀល
– ជ័យលាភីលេខ៣ ៖ ទទួលបានពានសំរិទ្ធ១ ទឹកប្រាក់ ២,០០០,០០០រៀល
– ជ័យលាភីលេខ៤និង៥ ៖ ទទួលបានបណ្ណសរសើរ១ ទឹកប្រាក់ ១,០០០,០០០រៀល ៕












