អ្នកគាំទ្រលោក ម៉ាន់ វណ្ណដា បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញរូបភាពរបស់តារាចម្រៀងល្បីឈ្មោះរូបនេះនៅលើបណ្តាញសង្គម Instagram NME Asia ក្នុងចំណោមតារាល្បីៗមានដូចជាក្រុមចម្រៀងនារីកូរ៉េ Newjeans ក្រុម Enhypen និងតារាផ្សេងទៀតមានដូចជាឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ជាដើមនៅក្នុងរដូវកាលកំពុងល្បីរឿង Barbie។
ចាប់តាំងពីចេញទៅសម្តែងនៅប្រទេសជប៉ុនមកទល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ តារាចម្រៀង វណ្ណដា មិនទាន់វិលត្រលប់មកប្រទេសកំណើតនៅឡើយទេ ខណៈលោកបានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅលើStory ថាលោកស្នាក់នៅប្រទេសជប៉ុនរយៈពេល១សប្តាហ៍។ បន្ថែមពីលើនេះ វណ្ណដា បានបង្ហាញអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំងនៅលើទឹកដីនេះព្រោះលោកអាចចេញទៅទិញកាហ្វេខ្លួនឯងបានដោយមិនមានអារម្មណ៍សម្ពាធនិងធ្វើអ្វីតាមដែលខ្លួនឯងចង់ធ្វើផងដែរ។
ទន្ទឹមនឹងតារាចម្រៀងរូបនេះកំពុងនៅប្រទេសជប៉ុននោះ អ្នកគាំទ្រវណ្ណដា បានបង្ហាញភាពភ្ញាក់ផ្អើលដោយនៅក្នុងបណ្តាញសង្គម IG NME Asia បានបង្ហោះរូបភាព វណ្ណដា តារាកម្ពុជា ជាមួយតារាផ្សេងទៀតមានដូចជា ក្រុមចម្រៀងកូរ៉េល្បីឈ្មោះ Newjeans ក្រុម Enhypen និងតារាផ្សេងទៀតមានដូចជាឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ជាមួយរហ័សនាមផ្សេងៗដោយភ្ជាប់ជាមួយស្ទាយ៍ Barbie សម្រាប់ វណ្ណដា វិញ ត្រូវបានបណ្តាញសង្គមនេះដាក់ឈ្មោះឱ្យថា «This Ken is a hot boy»។
មែនទែនទៅ បណ្តាញសង្គមមួយនេះមិនមែនផ្សព្វផ្សាយពី វណ្ណដា ជាលើកទីមួយនោះទេ។ ជាក់ស្តែងអំឡុងពេល វណ្ណដា ឡើងឆាកប្រគំតន្រ្តី rolling loud Thailand ក៏ធ្លាប់បង្ហោះពីតារាចម្រៀងរូបនេះដូចគ្នា៕















