ប្រទេសវៀតណាម ៖ ការឡាយលក់ផ្លែឈើ និងផលិតផលកសិកម្មតាមអនឡាញកំពុងតែរីកចម្រើននៅប្រទេសវៀតណាម និងបានជំរុញឱ្យប្រទេសនេះកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមអេឡិចត្រូនិកផងដែរ ។ អតិថិជនទិញផលិតផលតាមអនឡាញអាចប្តូរយកប្រាក់វិញបាន បើផលិតផលមានគុណភាពអន់ ។
កសិករ ក្រុមហ៊ុនអាជីវកម្មចាស់ និងក្រុមហ៊ុនអាជីវកម្មថ្មីជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បានផ្លាស់ប្តូរវិធីការលក់របស់ខ្លួន ហើយពួកគេងាកមកលក់ផលិតផលតាមអនឡាញបន្ថែមទៀត ដើម្បីជំរុញការលក់នៅនឹងកន្លែង ។ លើសពីនេះ ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើនឱ្យទិញផលិតផលតាមរយៈការឡាយក្នុងអ៊ីនធើរណេត ក្រុមហ៊ុនអាជីវកម្ម ឬហាងលក់ទំនិញភាគច្រើនបានបញ្ចុះតម្លៃផលិតផល និងអនុញ្ញាតឱ្យអតិថិជនអាចបញ្ជូនផលិតផលត្រឡប់មកវិញ ឬផ្តល់ប្រាក់ឱ្យអតិថិជន ប្រសិនបើរកឃើញថា ផលិតផលទាំងនោះមានគុណភាពអន់ ។
Do Quang Huy ជាអ្នកជំនាញផ្នែក e-commerce និយាយថា ការលើកកម្ពស់ការលក់ផលិតផលតាមអនឡាញ នឹងជួយទាក់ទាញការវិនិយោគឱ្យកាន់តែរឹងមាំ ។ ទោះយ៉ាងណា ទិន្នផលកសិកម្មថ្មីៗចាំបាច់ត្រូវតែដឹកជញ្ជូនឱ្យបានឆាប់រហ័ស ចំណែកផលិតផលដែលបញ្ជូនត្រឡប់មកវិញអាចត្រូវបោះចោល ដោយសារវាខូចគុណភាព ។ ហេតុនេះ ត្រូវផ្តល់ភាពសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមអេឡិចត្រូនិក ។
ចំណែក Luong Quang Thi ជាប្រធានក្រុមហ៊ុនផ្តល់សេវាកម្មការប្រមូលផល និងដឹកជញ្ជូនផលិតផលគ្រប់គ្រងសីតុណ្ហភាព និយាយថា E-commerce Logistics នៅប្រទេសវៀតណាមមានកម្រិតនៅឡើយ ជាពិសេស ផលិតផលមានតម្លៃទាបដែលត្រូវការពេលវេលាដឹកជញ្ជូនឱ្យបានឆាប់រហ័ស ៕ ប្រភព ៖ AEC connect










