រាជធានីបាងកក៖ ក្រុមអ្នកជំនាញវិស័យឯកជន មានការរំពឹងទុកទៅលើគណបក្សភឿថៃ នឹងដឹកនាំសេដ្ឋកិច្ចឲ្យរីកច្រើនឡើងវិញ ប្រសិនបើគណបក្សប្រឆាំងមួយនេះ នឹងត្រូវសភាទាំង២បោះឆ្នោតផ្ដល់ទំនុកចិត្ដ ហើយការលើកឡើងបែបនេះ បានកើតឡើង ក្រោយពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនទទួលបានការគាំទ្រ ពីសភាឲ្យបានគ្រប់គ្រាន់តាមច្បាប់កំណត់ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៣ ខែកក្កដា។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកក្កដា ថា វិស័យឯកជន នៅក្នុងប្រទេស កំពុងតែចាប់អារម្មណ៍ និង បង្ហាញនូវការគាំទ្រយ៉ាងខ្លាំង ទៅលើគណបក្សភឿថៃ (Pheu Thai) សម្រាប់ការដឹកនាំរដ្ឋាភិបាលថ្មី ព្រោះគោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សមួយនេះ នឹងជួយបង្វែរសេដ្ឋកិច្ច ឲ្យវិលមករកភាពប្រក្រតី និង រីកចម្រើនឡើងវិញ។
លោក សាណាន អានហ្គូបូលគុល (Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃ បានប្រាប់ដល់ Bangkok Post ថា វិស័យឯកជន មានទំនុកចិត្ត ទៅលើការរីកច្រើនយ៉ាងលឿន ប្រសិនបើគណបក្សភឿថៃ អាចបង្កើតរដ្ឋាភិបាលថ្មីបាន ដោយមានបេក្ខជនរបស់ខ្លួនជានាយករដ្ឋមន្រ្ដី និង គណបក្សចំនួន៧ផ្សេងទៀត ជាសម្ពន្ធភាព ស្ថិតក្នុងកិច្ចព្រមព្រៀងអនុស្សរណៈរបស់ពួកគេ ដែលបានចុះហត្ថលេខារួមគ្នា។
លោក សាណាន អានហ្គូបូលគុល បានបញ្ជាក់ ថា «គណបក្សភឿថៃ បានឆ្លងកាត់បទពិសោធន៍ជាច្រើន នៅក្នុងការដឹកនាំប្រទេស នាពេលកន្លងមក។ គោលនយោបាយជាច្រើនរបស់គណបក្សភឿថៃ ក៏បានយកទៅអនុវត្ដ ប្រកបដោយជោគជ័យរួចមកហើយផងដែរ។ អ្នកជំនាញជាច្រើន នៅក្នុងគណបក្សភឿថៃ ពោរពេញទៅដោយសមត្ថភាព និង បទពិសោធន៍ នៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ច»។
លោកប្រធានសភាពាណិជ្ជកម្មថៃ បានសង្កត់ធ្ងន់ ថា «សភាពាណិជ្ជកម្មថៃ មានទំនុកចិត្តយ៉ាងខ្លាំង ប្រសិនបើគណបក្សភឿថៃ វិលមកដឹកនាំបង្កើតរដ្ឋាភិបាលថៃជាថ្មី។ គោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សមួយនេះ អាចនឹងជួយជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃ ឲ្យដើរឆ្ពោះទៅមុខ ជាពិសេស ការជំរុញកំណើនសេដ្ឋកិច្ច និង ការកាត់បន្ថយនូវវិសមភាព»។
ស្របគ្នានេះដែរ គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP របស់លោក ភីថា លីមចារឿនរ៉ាត ក៏បានអះអាង ផងដែរ ថា គណបក្ស MFP នឹងមានសុច្ឆន្ទៈ បើកផ្លូវជូដៃគូចម្រុះរបស់ខ្លួន គឺគណបក្សភឿថៃ មានលទ្ធភាពបង្កើតរដ្ឋាភិបាល ប្រសិនបើបរាជ័យរបស់មេដឹកនាំគណបក្ស MFP គឺលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) នៅក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។
បន្ថែមពីលើនេះ លោក សាណាន អានហ្គូបូលគុល បានជំរុញឲ្យរដ្ឋាភិបាលថ្មីរបស់ប្រទេស ត្រូវតែដោះស្រាយនូវបញ្ហាជាច្រើន ដោយទាមទារឱ្យមានវិធានការជាបន្ទាន់ ជាពិសេស បញ្ហានានា នាំឲ្យប៉ះពាល់ដល់ជីវភាពជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់នូវការជួយគាំទ្រ ដល់សហគ្រាសខ្នាតតូច និង ខ្នាតមធ្យម។ រដ្ឋាភិបាល ក៏គួរតែសម្លឹងមើលនូវការកាត់បន្ថយ សម្រាប់ការចំណាយលើជីវភាពរស់នៅ និង ជួយបង្កើនប្រាក់ចំណូលដោយផ្ទាល់ សម្រាប់ប្រជាពលរដ្ឋ ឲ្យមានប្រាក់ចំណូលបន្ថែមទៀត សម្រាប់ការចំណាយ។ រីឯសហគ្រាសខ្នាតតូច និង មធ្យម ត្រូវការចាំបាច់ ត្រូវតែទទួលបានប្រភពមូលនិធិជាច្រើន សម្រាប់ការកសាងអាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីវិបត្ដិកូវីដ-១៩។ រដ្ឋាភិបាល ក៏គួរតែតាមដាននូវការវិវឌ្ឍតាមប្រព័ន្ធឌីជីថល ដើម្បីកែលម្អសេវាសាធារណៈ និង ធានាឱ្យមានតម្លាភាព។
លោក សាណាន អានហ្គូបូលគុល ប្រធានសភាពាណិជ្ជកម្ម បានបន្ថែម ថា រដ្ឋាភិបាល ត្រូវតែបង្កើតផែនការដោះស្រាយបញ្ហាគ្រោះរាំងស្ងួត អាចកើតឡើង ដោយសារបាតុភូតអាកាសធាតុ El Niño (អែលនីញ៉ូ) ព្រោះវាអាចនឹងនាំឲ្យប៉ះពាល់ ដល់វិស័យកសិកម្ម។ បច្ចុប្បន្ន តម្លៃកសិផល កំពុងតែឡើងថ្លៃ ខណៈតម្រូវការស្បៀងអាហារជាសកល ក៏កំពុងតែកើនឡើង។ សកម្មភាពទាំងនេះ នឹងក្លាយជាឱកាសដ៏ល្អបំផុត សម្រាប់ប្រទេសថៃ ត្រូវចាប់យក។ ដូច្នេះ ទាំងរដ្ឋាភិបាល និង វិស័យឯកជន ក៏គួរតែរួមគ្នាបង្កើតផែនការគ្រប់គ្រងទឹក សម្រាប់ធានាដល់ការផ្គត់ផ្គង់ទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ដល់វិស័យកសិកម្ម និង ឧស្សាហកម្ម។
ការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មរបស់ប្រទេសថៃ បានកើតឡើង ក្រោយពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា មិនទទួលបានគាំទ្រ ពីសភាទាំង២ នៅក្នុងការក្លាយជានាយករដ្ឋមន្រ្ដី។ ក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ចែងថា នាយករដ្ឋមន្រ្ដី ត្រូវតែទទួលបានសំឡេងគាំទ្រ យ៉ាងតិច ៣៧៦នាក់ ពីក្នុងចំណោមសមាជិកសភា ៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់។ ប៉ុន្ដែបច្ចុប្បន្ន សម្ពន្ធមិត្តចំនួន៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ មានសមាជិកសរុប ៣១២នាក់ នៅក្នុងរដ្ឋសភា ឬសភាជាន់ទាប។
សភាទាំង២របស់ប្រទេសថៃ កាលពីថ្ងៃព្រស្បតិ៍ ទី១៣ ខែកក្កដា បានប្រជុំរួម និង បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ប៉ុន្ដែលោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ តាមច្បាប់កំណត់ សម្រាប់តំណែងនាយករដ្ឋមន្រ្ដីថៃ។
មេដឹកនាំគណបក្សឆ្ពោះទៅមុខ គឺលោក ភីថា ត្រូវការសំឡេងគាំទ្រ យ៉ាងតិចបំផុតចំនួន៣៧៥សំឡេង មកពីក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នោះ ខណៈឥឡូវសមាជិកព្រឹទ្ធសភា នៅសល់តែ ចំនួន២៤៩នាក់ ដោយសារសមាជិកព្រឹទ្ធសភាម្នាក់ បានលាលែងពីតំណែង នៅមុនថ្ងៃបោះឆ្នោតនាយករដ្ឋមន្រ្ដី ត្រឹមតែ១ថ្ងៃ។ នៅក្នុងចំណោមសមាជិកសភាទាំង២នោះ បានចូលរួមបោះឆ្នោតគាំទ្រលោក ភីថា ឲ្យធ្វើជានាយករដ្ឋមន្រ្ដី ត្រឹមតែចំនួន៣២៤សំឡេង ដោយរួមបញ្ចូលទាំងសមាជិកព្រឹទ្ធសភា ចំនួន១៣សំឡេងផងដែរ។ រីឯសំឡេងប្រឆាំង មានចំនួន១៨២សំឡេង និង អនុបវាទ ចំនួន១៩៩សំឡេង។
ដូច្នេះសភារបស់ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតជាថ្មី នៅសប្តាហ៍នេះ។ បេក្ខជនដដែល នឹងនៅតែអាចឈរឈ្មោះជាម្ដងទៀត ឬ ក៏បេក្ខជនផ្សេង ត្រូវបានតែងតាំងឱ្យចូលរួមប្រជែងតំណែងកំពូលមួយនេះ។ រីឯនីតិវិធីរបស់សភា នឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនណាម្នាក់ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនបានកំណត់ពីចំនួន នៃការបោះឆ្នោត ឬ កាលបរិច្ឆេទផុតកំណត់នោះទេ៕










