ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក ក្រុមការងារប្រតិបត្តិការសុនកហិតក្លិន (DLD-Quarantine and Inspection Canine unit) បានបង្ហោះសារមួយ ក្នុងបណ្តាញសង្គមដើម្បីដាស់តឿនទៅកាន់ពលរដ្ឋទាំងអស់ ក្រោយពីពួកគេបានត្រួតពិនិត្យឃើញប្រហិតខ្ចប់សម្បកពណ៌ក្រហមជាច្រើនត្រូវបានលួចនាំចូលពីប្រទេសចិនមកកាន់ប្រទេសថៃ តាមរយៈអាកាសយានដ្ឋានសុវណ្ណភូមិ ។
ក្រុមការងារប្រតិបត្តិការសុនកហិតក្លិនបានសរសេរថា ៖ «បើពលរដ្ឋណាប្រទះឃើញផលិតផលបែបនេះនៅប្រទេសថៃ សូមជូនដំណឹងមកកាន់អាជ្ញាធរជាបន្ទាន់ ដោយសារវាជាផលិតផលមានហានិភ័យក្នុងការចម្លងជំងឺជាមួយសត្វពាហនៈ ដូចជា ជំងឺប៉េស្តជ្រូកអាហ្វ្រិកជាដើម ។ ប្រហិតនាំចូលពីប្រទេសចិននេះ គ្មានការបញ្ជាក់ផ្នែកសុខភាពអនាម័យត្រឹមត្រូវពីខាងនាយកដ្ឋានអភិវឌ្ឍន៍ និងមិនទាន់អនុញ្ញាតឱ្យនាំចូលប្រទេសថៃទេ» ។
ប្រហិតបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនេះ ត្រូវបានលួចនាំចូលក្នុងបរិវេណអគារអ្នកដំណើរនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងអីវ៉ាន់អ្នកដំណើររបស់ជើងហោះហើរឈ្មោះ HU 7939 របស់ Hainan Airlines ដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Meilan ទីក្រុង Haikou ប្រទេសចិន ។
សុនកហិតក្លិនបានរកឃើញប្រហិតសាច់ជ្រូកបង្កប៉ះពាល់ដល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ ដែលមានទម្ងន់៨,៥គីឡូក្រាម ស្មើនឹងទឹកប្រាក់ប្រមាណ២.០០០បាត ។ ក្រុមការងារប្រតិបត្តិការសុនកហិតក្លិនលើកឡើងថា បច្ចុប្បន្ន ប្រទេសចិនកំពុងតែមានជំងឺឆ្លងរាតត្បាត ។ ហេតុនេះ ប្រទេសថៃមិនអនុញ្ញាតឱ្យនាំចូលប្រហិតដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរទេ ។
ប្រហិតសាច់ជ្រូកនាំចូលពីប្រទេសចិនបានបង្កហានិភ័យចម្លងជំងឺពីសត្វមកមនុស្ស ហើយជំងឺនេះនឹងឆ្លងរាតត្បាតទៅកាន់តំបន់ផ្សេងៗ ប្រសិនបើមានការនាំចូល និងដឹកជញ្ជូនផលិតផលនេះដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរមានជំនាញរបស់រដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងការលក់ចែកចាយសាច់សត្វ ៕
ប្រភព ៖ amarin news










