តាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៤៧៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត។
លោកជំទាវ ហ៊ុន ស៊ីណាត គឺជាប្អូនស្រីបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាភរិយាឯកឧត្តម នឹម ច័ន្ទតារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយក៏ជាម្តាយបង្កើតលោកជំទាវឧកញ៉ា នឹម វណ្ណៈផងដែរដែលជាស្រ្តីមានជំនួញជាច្រើននៅក្នុងដៃ។
គួរបញ្ជាក់ផងដែរថា ជារឿយៗលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានបង្ហាញមុខក្នុងចូលរួមជួយកិច្ចការងារសង្គម និងកិច្ចការមនុស្សធម៌ជាច្រើនជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។
លើសពីនេះលោកជំទាវឧកញ៉ា ក៏តែងតែជួយឈឺឆ្អាលនៅលើបណ្តាញសង្គមទៅលើសិល្បករកម្ពុជា ប្រសិនជាមានករណីមិនសមរម្យដូចជាបំផ្លាញវប្បធម៌ខ្មែរ និងថតវីដេអូមិនសមរម្យលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត នឹងទាក់ទងទៅក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ហើយ៕










