បន្ទាប់ពីមហាជនមានការរិះគន់ខ្លាំងទៅលើក្រុមសម្តែងមួយបានថតវីដេអូបង្កប់រូបភាពដែលមានតួអង្គសម្តែងស្លៀកពាក់មិនសមរម្យ ក្រុមនេះត្រូវបាននាយកដ្ឋានភាពយន្តហៅទៅណែនាំហើយ ខណៈក្រុមនេះបានលើកម្រាមដៃ១០សូមទោសមហាជននឹងសន្យាឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិនិងវប្បធម៌ហើយ។
កាលពីពេលថ្មីៗនេះ ផេកមួយឈ្មោះថា «Kdey Gaming» បានផលិតវីដេអូរឿងខ្លីមួយមានចំណងជើងថា «មិត្តឬស្សា»ដែលមានតួអង្គសម្តែងស្រីបានស្លៀកពាក់មិនសមទំនងបញ្ចេញភាពស៊ិចស៊ីមិនសមភ្នែកទាល់តែសោះដែលទង្វើនេះប្រៀបដូចជាបំផ្លាញសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ បាត់បង់តម្លៃស្រ្តីដែលមហាជនមិនអាចទទួលយកបាននោះទេ។ អ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងចាស់ដៃទៅលើក្រុមផលិតវីដេអូនេះ និងស្នើឱ្យខាងក្រសួងវប្បធម៌មានចំណាត់ការទៅលើក្រុមនេះជាដាច់ខានផងព្រោះក្រសួងបានប្រកាសនាពេលកន្លងមកហើយក្រុមផលិតវីដេអូដែលមានចរិតលក្ខណៈស្រើបស្រាលមិនផ្តល់តម្លៃស្រ្តីកុមារនិងប្រឈមតាមផ្លូវច្បាប់តែក្រុមខាងលើនេះនៅតែផ្គើនដដែល។
យ៉ាងណាមិញ ការរិះគន់មានសន្ទុះខ្លាំងក្លា ក្រុមសម្តែងដែលមានផេកឈ្មោះ «Kdey Gaming» ត្រូវបានខាងក្រសួងហៅទៅណែនាំហើយ។ នៅថ្ងៃទី១២ ខែកក្កដា ផេកនេះបានសរសេរយ៉ាងដូច្នេះថា«ក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានអញ្ជើញក្រុមខ្ញុំនិយាយពិភាក្សាអំពីរឿងការធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិហើយក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានណែនាំដំបូន្មានល្អៗមកកាន់ក្រុមខ្ញុំ ហើយខ្ញុំសន្យាថានឹងឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិនិងវប្បធម៌ខ្មែរទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងលើកលែងទោសឱ្យពួកខ្ញុំ»។.jpg)
ទន្ទឹមនឹងការសរសេរសូមទោសមហាជន ក្រុមសម្តែងនេះក៏បានចេញវីដេអូលើកម្រាមដៃ១០សូមទោសសាធារណៈជនដែរចំពោះការសម្តែង និងការស្លៀកពាក់មិនសមរម្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរផងដែរ៕.jpg)










