គេចាំបានថាកាលពីខែសីហា ឆ្នាំ២០២២ ការប្រកាសវិលត្រលប់ចូលសិល្បៈវិញរបស់ ប៊ុត សីហា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន ខណៈនៅខែកញ្ញា ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ីក៏បានភ្លើងខៀវដល់លោកដូចគ្នាតែត្រូវគោរពតាមគោលការណ៍របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាពេលនោះ ប៊ុត សីហា សម្រេចចិត្តមិនចូលក្នុងទ្រនំហ្គាឡាក់ស៊ីឡើយទោះបីជាមានឱកាសក៏ដោយដោយសារតែក្លាយអតីតកាលរបស់ខ្លួនមិនល្អនាំចង្រៃ ឬខូចឈ្មោះដល់ក្រុមហ៊ុន។.jpg)
បន្ទាប់ពីរបូតឱកាសនៅផលិតកម្មធំក្នុងស្រុកមួយនេះ តារាចម្រៀង ប៊ុត សីហា បានចាប់ផ្តើមសកម្មភាពសិល្បៈជាមួយលោក ខេនឌី ជ្រកក្រោម Fan Media ដែលគ្រប់គ្រងដោយលោក សុខ លីមរក្សា និងទទួលបានការផ្ចង់ផ្តើមពីផលិតផលលោកស្រីទ្រី ដាណា។ ទន្ទឹមនឹងវិលចូលសិល្បៈវិញនោះ ប៊ុត សីហា ក៏ចាប់ផ្តើមមានរឿងអាស្រូវភ្លាមត្រូវអតីតមិត្តរួមជំនាន់ប្រលងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ទម្លាយពីអត្តចរិតរបស់លោកថាជាមនុស្សមិនកែចរិតឡើយ ព្រមជាមួយរឿងអាស្រូវកាលពីកន្លងទៅនេះខ្ចីលុយគេមិនសងជាដើម និងធ្លាយរឿងចាក់សាំងឱ្យលុយក្លែងក្លាយទៀត។
ថ្មីៗនេះទៀតសោត ប៊ុត សីហា ចាប់ផ្តើមត្អូញត្អែរពីការងារសិល្បៈមិនសូវមានកម្មវិធីហៅលោកច្រៀង និងបង្ហាញថាខ្លួនមិនចេះអែមអបម្ចាស់កម្មវិធី ចេះច្រៀងតែមុខ មិនតែងខ្លួនឡូយឆាយទើបគេមិនសូវឱ្យតម្លៃជាដើម។
បន្ទាប់ពីបង្ហាញថាវិលមកអាជីពសិល្បៈវិញតែសកម្មភាពសិល្បៈហាក់នៅទ្រឹងស្រាប់តែយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ ប៊ុត សីហា បង្ហោះដំរួយចង់រកទ្រនំមួយជ្រកកោន។ សារទី១ ម្ចាស់បទ «គ្មានអ្នកណាកែប្រែចិត្តបង» បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំនឹងរកផលិតកម្មមួយជ្រកកោន ដើម្បីបងប្អូនអ្នកគាំទ្ររបស់ខ្ញុំ ឆាប់ៗនិងបង្ហាញជូនបងប្អូន
ពេលវេលាបញ្ជាក់ការពិត»។ «គួរដល់ពេលរកផលិតកម្មជ្រកកោនហើយ អរគុណបងៗក្នុងការប្រឹក្សាយោបល់សម្រាប់ខ្ញុំ ពេលវេលាល្អពេលវេលាដែលយើងត្រូវបានផ្តល់តម្លៃ អរគុណ ខេនឌី សម្រាប់ការរុញឱ្យខ្ញុំបានគេទទួលស្គាល់ម្តងទៀត អរគុណ បងសុខលីម សម្រាប់ការប្រឹងប្រែងជ្រោមជ្រែង អរគុណដល់ NNPសម្រាប់កាដូពិសេស ដល់ពេលហើយដែលខ្ញុំមានបទចម្រៀង ប្រកួតប្រជែងទីផ្សារនិងគេសម្រាប់ជាកាដូដល់ហ្វេនៗរបស់ខ្ញុំជាង៧ឆ្នាំមកនេះ អរគុណបងប្អូនល្អ»។ នេះគឺជាសារទី២របស់ ប៊ុត សីហា នៅលើបណ្តាញសង្គមហ្វេកប៊ុក។
គួរបញ្ជាក់ផងដែរថា ប៊ុត សីហា គឺជាម្ចាស់ពាននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ឆ្នាំ២០១៤ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។ ក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម និងប្រឡូកក្នុងអាជីពសិល្បៈបានប៉ុន្មានឆ្នាំរូបលោកមានរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន៕










