ប្រទេសចិន៖ យោងតាមប្រភពព័ត៌មាន Bloomberg កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ក្រុមហ៊ុន Ant Group និង Alibaba បានខាតបង់សរុបជាង ៨៥៦ ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Ant Group និង Alibaba បានបាត់បង់តម្លៃរាប់ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីមហាសេដ្ឋី និងជាសហស្ថាបនិកនៃក្រុមហ៊ុនទាំងពីរ គឺលោក Jack Ma បានធ្វើការរិះគន់រដ្ឋាភិបាលចិន នៅក្នុងសុន្ទរកថារយៈពេល ២១ នាទីកាលពីខែតុលា ឆ្នាំ២០២០ ដោយលោក Jack Ma បានរិះគន់ថា “និយតកររបស់ប្រទេសចិនផ្តោតតែលើហានិភ័យ និងការមិនអើពើអំពីការអភិវឌ្ឍន៍ឡើយ” ។
ភ្លាមៗនោះ តម្លៃភាគហ៊ុនរបស់ Alibaba បានធ្លាក់ចុះ ១០% រួមជាមួយក្រុមហ៊ុន Ant Group ដែលដំណើរការដោយកម្មវិធីទូទាត់ដ៏ពេញនិយម Alipay ក៏បានបាត់បង់ ៧៥% ផងដែរ។ នៅក្នុងឆ្នាំ២០២០ និង ២០២១ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះ ៣៥០ ពាន់លានដុល្លារ។
នៅឆ្នាំដដែលនោះ ការបោះផ្សាយលក់ភាគហ៊ុន Ant Group និង Alibaba ជាសាធារណៈដ៏ធំបំផុតរបស់ពិភពលោកនៅលើទីផ្សារពីរនៃទីក្រុងហុងកុង និងសៀងហៃក៏ត្រូវបានពន្យារពេលដោយសារការទប់ស្កាត់របស់រដ្ឋាភិបាលចិន។
នៅឆ្នាំ ២០២២ តម្លៃភាគហ៊ុន Ant Group និង Alibaba របស់ Jack Ma ក៏បានធ្លាក់ចុះ ៦២០ ពាន់លានដុល្លារ។ ដូច្នេះសរុបមក ការធ្លាក់ចុះនៃភាគហ៊ុនរបស់ Jack Ma រយៈពេលបីឆ្នាំនេះ គឺដោយសារតែការបំពានប្រឆាំងនឹងការទុកចិត្តរបស់រដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ការវាយតម្លៃរបស់ក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះជាង ៨៥៦ ពាន់លានដុល្លារ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Jack Ma ផងដែរ។ កាលពីមុនទ្រព្យសម្បត្តិសុទ្ធរបស់គាត់មាន ៦១ ពាន់លានដុល្លារ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ ៣៤.១ ពាន់លានដុល្លារប៉ុណ្ណោះ ៕ ប្រភព៖cafef.com










