ធ្មេចបើកៗការចេញទៅសម្តែងនៅក្រៅប្រទេសលើទឹកដីជប៉ុនរបស់ វណ្ណដា កាន់តែកៀកមែនទែនហើយ ខណៈពេលនេះរូបភាពរបស់ វណ្ណដា និងតារាចម្រៀងរ៉េបល្បីឈ្មោះ Awich លេចឡើងក្នុងផ្ទាំង LED យ៉ាងធំតែម្តងធ្វើឱ្យហ្វេនៗរំភើបចិត្តជំនួសមិនតិចនោះទេ។
កាលពីថ្ងៃទី១២ ខែមិថុនា ដំណឹងដែលតារាចម្រៀង វណ្ណដា ត្រូវបានគេអញ្ជើញឱ្យទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ២០២៣ ដែលជាការសម្តែងលើកដំបូងរបស់លោក បានធ្វើឱ្យមហាជនជាហ្វេនគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តមិនតិចនោះទេដែលតារាចម្រៀងកម្ពុជាកាន់តែរីកមុខរីកមាត់នៅលើទឹកដីប្រទេសគេ។ខណៈការសម្តែងរបស់តារាចម្រៀងរូបនេះនឹងប៉ះគ្នាជាមួយកំពូលតារាចម្រៀងរ៉េប Awich ផងដែរ ។
ធ្មេចបើកៗវេលាកាន់តែកៀកមែនទែនហើយដែល វណ្ណដា នឹងត្រូវចេញទៅសម្តែងនៅជប៉ុន។ អ្វីដែលកាន់តែពិសេសនៅថ្ងៃទី១២ ខែកក្កដា រូបភាពរបស់ វណ្ណដា និង Awich បានផុសអណ្តែតលើផ្ទាំង LED យ៉ាងធំនៅលើទឹកដីជប៉ុនមុនការសម្តែងមកដល់។ ឃើញរូបភាពនេះហើយអ្នកគាំទ្ររបស់ វណ្ណដា បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រោះនិមិត្តរូបរបស់គេតែងតែនាំកេរ្តិ៍ឈ្មោះកម្ពុជារីកលូតលាស់ទៅមុខជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា សម្រាប់នៅប្រទេសកំណើតវិញ វណ្ណដា ក្លាយជាតារាដំបូងនៅកម្ពុជាដែលបានលេចវត្តមានក្នុងផ្ទាំង 3D LED ដ៏ធំស្ថិតនៅផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕










