អ្នកលេងបណ្តាញសង្គមម្នាក់លើកសរសើរតារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ដែលអាចនាំឱ្យភាសាជាតិឮតាមសាធារណៈបាននៅប្រទេសថៃខណៈរូបគេទៅប្រទេសថៃ៨ឆ្នាំហើយមិនដែលឮប្រទេសនេះចាក់បទតារាខ្មែរច្រៀងនោះទេ។
ដូចមហាជនជ្រាបច្បាស់មកហើយថា វណ្ណដា គឺជាតារាចម្រៀងកម្ពុជាម្នាក់ដែលនាំជាតិសាសន៍ដទៃស្គាល់ប្រទេសខ្មែរលើវិស័យតន្រ្តីកាន់តែបានច្រើនហើយតារាចម្រៀងរូបនេះក៏ត្រូវកាសែតបរទេសចុះផ្សាយជាហូរហែផងដែរ។ កេរ្តិ៍ឈ្មោះតារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុ កាន់តែមានភាពល្បីល្បាញនិងសាងកំណត់ត្រាជាច្រើនដែលតារាចម្រៀងកម្ពុជាមិនធ្លាប់ទទួលបាន។
ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមទិកតុកមានបុរសម្នាក់បានបង្ហោះវីដេអូមួយនៅប៉ាតាយ៉ា ប្រទេសថៃបានឮបទដែល វណ្ណដាច្រៀង ដែលប្រទេសនេះកម្រនឹងចាក់បទដែលតារាខ្មែរបកស្រាយណាស់តែ វណ្ណដា អាចឱ្យថៃចាក់បទដែលមានតារាខ្មែរច្រៀងនៅតាមទីសាធារណៈនេះ។
ភ្ជាប់ជាមួយវីដេអូដែល វណ្ណដា ច្រៀងអ្នកលេងបណ្តាញសង្គមរូបនោះបានសរសេរបន្ថែមថា «កុំតែ វណ្ណដា ទេកុំអីគ្មានបានឮសំលេងតារាយើងច្រៀងតាមសាធារណ:ចឹងទេ៨ឆ្នាំហើយទៅថៃមិនដែលឮ បើឮគ្រាន់តែឮអ្នកខ្មែរចាក់ស្តាប់តាមតូប»។
គួរបញ្ជាក់ថា បទរបស់ វណ្ណដា ដែលឮតាមសាធារណៈនៅប្រទេសថៃខាងលើនេះគឺជាបទមានចំណងជើងថា «Bong» ដែលសហការជាមួយតារាចម្រៀងរ៉េបថៃ OG BOBBY ដែលបានចេញកាលពីខែតុលា ឆ្នាំ២០២២។ ក្រៅពីបទចម្រៀងនេះ វណ្ណដា ក៏បានសហការ
ជាមួយតារាថៃផ្សេងទៀតក្នុងបទចម្រៀង «Run The Town » ខណៈកាលពីខែមិថុនា វណ្ណដា ក៏បានទៅប្រទេសវៀតណាម ថែមទាំង Add Story នៅក្នុងបន្ទប់សំឡេងធ្វើឱ្យហ្វេនសង្ស័យថា តារាចម្រៀងនេះអាចចេញបទចម្រៀងជាមួយតារារ៉េបវៀតណាមមិនខានដូចនេះ វណ្ណដា កាន់តែឡើងកម្រិតមួយទៀតហើយនៅលើវិស័យតន្រ្តីរបស់លោក៕










