ប្រទេសថៃ ៖ ការធ្វើសាច់ក្រកឦសាន គឺជាមុខរបរមួយដែលបង្កើតប្រាក់ចំណូលអស់រយៈពេល៣០ឆ្នាំហើយ សម្រាប់ពលរដ្ឋចាស់ៗរស់នៅស្រុកស៊ីថូរ៉ាភូមិ ខេត្តសុរិន្ទ ប្រទេសថៃ ។ អ្នកស្រុកនៅទីនេះបានចេះចាំរូបមន្តធ្វើសាច់ក្រកឦសានឱ្យមានរសជាតិឆ្ងាញ់ និងលក់ចែកចាយនៅខេត្តសុរិន្ទផង និងលក់នៅតាមខេត្តផ្សេងៗផង ។
លោកយាយ វ៉ាន់ថង ឌួងអ៊ីន អាយុ៧៥ឆ្នាំ និយាយថា គាត់បានអង្គុយចងសាច់ក្រកអស់ប្រមាណ១០ឆ្នាំហើយ ដោយធ្វើការ២ថ្ងៃ ទៅ៣ថ្ងៃក្នុង១សប្តាហ៍ ។ ក្នុង១ថ្ងៃៗ គាត់អាចចងសាច់ក្រកបានចំនួន២.០០០ដុំ ហើយប្រាក់ចំណូលដែលទទួលបាននោះ គាត់សន្សំទុកសម្រាប់ព្យាបាលជំងឺប្រចាំកាយ ។
លោកយាយប្រាប់ថា ៖ «ពេលបានប្រាក់មក ខ្ញុំទុកទិញអង្ករហូបខ្លះ និងទិញម្ហូបអាហារប្រចាំថ្ងៃខ្លះ ហើយសល់ពីនេះ ទុកព្យាបាលជំងឺ ។ ក្នុង១ថ្ងៃ ខ្ញុំទទួលបានប្រាក់ចំនួន២០០បាត ហើយថ្ងៃខ្លះទៀតបានជាង១០០បាត គឺអាស្រ័យលើការធ្វើច្រើន ឬតិច ។ ប៉ុន្តែការងារនេះក៏នឿយហត់ដែរ ពីព្រោះខ្ញុំមានអាយុច្រើនហើយ» ។
ចំណែកពលរដ្ឋវ័យចំណាស់ខ្លះទៀតបានធ្វើសាច់ក្រក និងលក់ដោយខ្លួនឯងនៅតាមតំបន់ផ្សេងៗ ឬនៅតាមពិធីបុណ្យ ។ ពួកគាត់ចាប់ផ្តើមលក់សាច់ក្រកចាប់ពីពេល រសៀលរហូតដល់ព្រលប់ ក្នុងនោះសាច់ក្រក១ដុំ (តូច) មានតម្លៃចាប់ពី១បាត ទៅ២បាតប៉ុណ្ណោះ ។
អ៊ំប្រុសម្នាក់លក់សាច់ក្រកនៅតាមភូមិនិយាយថា ៖ «ខ្ញុំបានជិះម៉ូតូលក់សាច់ក្រកនៅតាមភូមិអស់ជាង២០ឆ្នាំ ហើយក្នុងមួយថ្ងៃៗ ខ្ញុំអាចរកប្រាក់បានចំនួន៣០០បាតដែរ ។ កាលពីមុន ខ្ញុំលក់សាច់ក្រកដាច់ជាងនេះ ប៉ុន្តែបច្ចុប្បន្ន មានអ្នកលក់ច្រើនគ្នា» ។
ប្រធានក្រុមផលិតសាច់ក្រកឦសានប្រចាំខេត្តសុរិន្ទ លោក ថាវីរ៉ាត់ សាណាមថង លើកឡើងថា ៖ «ការផលិតសាច់ក្រកនៅខេត្តសុរិន្ទបានលក់ចែកចាយទៅតាមខេត្តជាច្រើន និងបែងចែកតំបន់រៀងៗខ្លួន ដើម្បីកុំឱ្យពួកគេលក់ក្នុងតំបន់ដូចគ្នា ។ ការលក់សាច់ក្រកក្នុង១ឆ្នាំៗទទួលបានប្រាក់ច្រើនគួរសមអាចជួយគ្រួសារបាន ហើយក្នុងឋានៈខ្ញុំជាប្រធានក្រុម ខ្ញុំបានព្យាយាមសុំចុះឈ្មោះសហគ្រាស» ។
បច្ចុប្បន្ន មានអ្នកភូមិប្រមាណ១០០នាក់បានលក់សាច់ក្រកតាមម៉ូតូ ក្នុងនោះពួកគេបានលក់នៅខេត្តសុរិន្ទ និងខេត្តផ្សេងទៀតដូចជា បុរីរាំ ស៊ីសាកេត រ៉យអេត ឆាក់ឈើងសៅ និងសមុទ្រប្រាកាន ។ អ្នកភូមិ៨០% ក្នុងចំណោមអ្នកភូមិទាំងអស់ បានរកប្រាក់ចំណូលពីការលក់សាច់ក្រកឦសានចូលសហគមន៍ គឺជាមធ្យមចំនួន១៥លានបាតក្នុង១ឆ្នាំ ៕ ប្រភព ៖ Thai PBS










