សហរដ្ឋអាមេរិក ៖ អាមេរិកបានហាមឃាត់ពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅប្រទេសចិន ដោយសារបារម្ភពីការចាប់ខ្លួន ហើយអាមេរិកក៏បានហាមពលរដ្ឋចេញក្រៅប្រទេសដោយគ្មានមូលហេតុផងដែរ ។ ការហាមឃាត់នេះក្រោយពីមានពលរដ្ឋអាមេរិកម្នាក់អាយុ៧៨ឆ្នាំ ត្រូវបានតុលាការចិនកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម កាលពីខែឧសភា ឆ្នាំ២០២៣ ។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ពលរដ្ឋអាមេរិកនៅប្រទេសចិនអាចត្រូវបានចិនចាប់ខ្លួន ហើយពួកគេមិនអាចស្វែងរកការអន្តរាគមន៍ពីកុងស៊ុលអាមេរិក ឬព័ត៌មានពាក់ព័ន្ធនឹងការប្រព្រឹត្តខុសរបស់ខ្លួនទេ ។ ដូច្នេះ ពលរដ្ឋអាមេរិកត្រូវពិចារណាឡើងវិញក្នុងការធ្វើដំណើរទៅប្រទេសចិន ។
កាលពីចុងខែមិថុនា ឆ្នាំ២០២៣ ប្រទេសចិនបានចេញច្បាប់មួយថា នឹងចាត់វិធានការចំពោះទង្វើណាមួយដែលចិនមើលឃើញថា វាជាការគំរាមកំហែងផលប្រយោជន៍របស់ចិន ។ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានយកច្បាប់ប្រឆាំងចារកម្មមកអនុវត្ត ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនអន្តរជាតិ និងការដាក់ទោសជនបរទេសដែលរិះគន់រដ្ឋាភិបាលចិន ។
ក្រសួងការបរទេសអាមេរិកក៏បានហាមឃាត់ពលរដ្ឋចេញក្រៅប្រទេសផងដែរ បើពួកគេមានចំណែករួមក្នុងការត្រួតពិនិត្យរដ្ឋាភិបាលចិន ឬហាមឃាត់សមាជិកគ្រួសារពួកគេទៅកាន់ប្រទេសចិន ។ ក្រៅពីប្រទេសចិនហើយ អាមេរិកក៏បានហាមឃាត់អ្នកសារព័ត៌មានទាំងអស់ធ្វើដំណើរទៅហុងកុង និងម៉ាកាវ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ។
កាលពីប៉ុន្មានឆ្នាំមុននេះ អាមេរិកកក៏បានដាស់តឿនពលរដ្ឋរបស់ខ្លួនផងដែរមិនឱ្យធ្វើដំណើរទៅប្រទេសចិន ក្នុងអំឡុងពេលចិនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយ «កូវីដស្មើសូន្យ» ។ ចំណែកប្រទេសចិនវិញក៏បានដាស់តឿនពលរដ្ឋចិនដូចគ្នាហាមធ្វើដំណើរមកអាមេរិក ដោយបារម្ភពីគ្រោះថ្នាក់ផ្សេងៗ ដែលគេនឹងផ្តោតលើមនុស្សមកពីតំបន់អាស៊ី ។ ទោះយ៉ាងណា ការហាមឃាត់លើកចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក ប្រទេសចិនមិនទាន់បានបង្ហាញការឆ្លើយតបវិញទេ ៕ ប្រភព ៖ Nation World










