បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះនៅរាជធានីភ្នំពេញរងការជន់លិចយ៉ាងខ្លាំងតាមបណ្តោយផ្លូវនានា។ ស្ថានភាពនេះធ្វើឱ្យតារាសម្តែង Ella បានបង្ហោះសារនៅលើបណ្តាញសង្គមថាអ្នកមួយចំនួនបំផ្លាញធម្មជាតិ តែធម្មជាតិនឹងបំផ្លាញគ្រប់គ្នា និងសំណូមពរបញ្ឍប់ការកាប់ព្រៃ។ បន្ថែមពីលើនេះតារាស្រីរូបនេះក៏និយាយពីបញ្ហាសំរាមដូចគ្នាដែលអ្នកមួយចំនួននៅតែគ្មានរបៀបរាបរយក្នុងការទុកដាក់សំរាមនៅឡើយ។.png)
សាលារាជធានីភ្នំពេញបានជម្រាបជូនសាធារណជនថា ភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៣ ខែកក្កដា នេះមានរយៈកម្ពស់ ១៥៣មម ដូច្នេះប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ និងសូមឱ្យពលរដ្ឋយោគយល់នឹងអធ្យាស្រ័យនូវស្ថានភាពបែបនេះដែលជាកត្តាធម្មជាតិ។ ខណៈកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ០៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។
ស្ថានភាពនៃការជន់លិចនេះអ្នកលេងបណ្តាញសង្គមក៏បានបង្ហោះរូបភាពវីដេអូនៅតំបន់ដែលរងការជន់លិចផងដែរហូតតារាសម្តែង Ella លើកឡើងពីបញ្ហាការកាប់ព្រៃ និងអ្នកចោលសំរាមផ្តេសផ្តាសឥតសណ្តាប់ធ្នាប់។
តួឯកស្រីក្នុងរឿង «ស្នាមញញឹមចុងក្រោយ» បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះឃើញតែវីដេអូទឹកលិចពេញផ្លូវ ម៉ូតូអណ្តែត ទឹកលិចចូលផ្ទះខូចខាតអីវ៉ាន់លក់ដូរអស់។ អ្នកមួយចំនួនបំផ្លាញធម្មជាតិ តែធម្មជាតិនឹងបំផ្លាញគ្រប់គ្នា។ សូមបញ្ឃប់ការកាប់ព្រៃឈើ បឹងបួរនានា គួរចោលសំរាមឱ្យមានរបៀបរាបរយដើម្បីការពារការស្ទះលូជាដើម។ ចាប់ផ្តើមពីខ្លួនយើង កុំចាំការចាប់ផ្តើមពីអ្នកដទៃ។ កុំរង់ចាំតែអាជ្ញាធរ ឬ អន្តរាគមន៍ពីរាជរដ្ឋាភិបាល យើងជាប្រជាពលរដ្ឋមានតួនាទីពេញលេញក្នុងថែរក្សា និង ការពារដូចៗគ្នា។ ចូលរួមទាំងអស់គ្នាដើម្បីប្រទេសជាតិរបស់យើង»។
គួរបញ្ជាក់ផងដែរ យោងតាមក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីប្រកាសថា កម្ពុជានៅតែមានភ្លៀងធ្លាក់ លាយឡំ ដោយខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១១ ខែកក្កដា ដូច្នេះបងប្អូនកុំភ្លេចថែរក្សាសុខភាពនិងប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរពេលមានភ្លៀងធ្លាក់៕










