ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។
ដើមស្ពង់ចំណាស់ដែលកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យជាក់ជាមិនខាន។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា៖”ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ។ បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់”។
ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាលវាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូងបិទផ្ចិតរន្ធ។ ធ្វើដូច្នេះ គេអាចទប់ស្កាត់ការពុកផុយបន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។ នេះជាការលើកឡើងរបស់លោក គង់ សុវណ្ណារិទ្ធ ដែលធ្វើការផ្នែកកាត់ក្រីមែកឈើ និងព្យាបាលដើមឈើជាង១០ឆ្នាំមកហើយ៕



ប្រភព៖ អជ្ញាធរជាតិអប្សរា










