លោក ឆេង សុភក្រ្ត ស្ថាបនិក រៀនថត ឬហៅថា ពូជ្រួញ បានអរគុណជាពិសេសដល់តារាចម្រៀងរ៉េប វណ្ណដា ផលិតកម្មបារមី និងលោក RavenBlaze រួមទាំងទស្សនិកជនដែលធ្វើឱ្យវីដេអូលោកមានអ្នកទស្សនាចំនួន១លានដងនៅលើឆាណែលយូធូប ហើយនេះក៏ជាថាមពលជំរុញឱ្យស្ថាបនិករូបនេះបន្តសកម្មភាពរបស់ខ្លួនដល់ចាស់កោងខ្នង។
ពូជ្រួញ ត្រូវបានស្គាល់ថាជា YouTuber ម្នាក់ដែលចែករំលែកបទពិសោធន៍ល្អៗផ្តល់ចំណណេះដឹងជាច្រើនទាក់ទងនឹងកាមេរ៉ា ការថតរូប កាត់វីដេអូ ជាដើម។ បន្ថែមពីនេះ រៀនថត ក៏បានបង្កើតកម្មវិធី Podcast ចែករំលែកបទពិសោធន៍ពីភ្ញៀវកតិ្តយសដល់ទស្សនិកជនដូចគ្នាដែលកម្មវិធីនេះទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន។ ជាពិសេស កាលពី៧ខែមុន វីដេអូ Podcast បញ្ចប់រដូវកាលទី២របស់លោកដែលមានភ្ញៀវកិត្តិយសតារាចម្រៀង វណ្ណដា និង RavenBlaze ធ្វើឱ្យមានភាពល្បីល្បាញយ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ នៅយប់ថ្ងៃទី១៣ ខែមិថុនា ស្ថាបនិក រៀនថត បានបង្ហោះសារអរគុណជាពិសេសសម្រាប់វត្តមានរបស់ វណ្ណដា ផលិតកម្មបារមី និង RavenBlaze ក្នុងការចូលរួមជាភ្ញៀវកត្តិយសក្នុងកម្មវិធី Podcast របស់លោកដែលធ្វើឱ្យវីដេអូនោះមានអ្នកទស្សនា១លានដងនៅឆាណែលរបស់ខ្លួន។ លោក ឆេង សុភក្រ្ត បានរៀបរាប់ថា«
វីដេអូទីមួយដែលបានចំនួនទស្សនា ១លានដង នៅលើ YOUTUBE របស់ខ្ញុំ
អរគុណ ប្អូន Vann Da – វណ្ណដា ប្អូន RavenBlaze Baramey Production និង បងប្អូនទាំងអស់គ្នា សម្រាប់ខ្ញុំ វាជាថាមពលដែលជំរុញឱ្យខ្ញុំបន្តការងារនេះដល់ចាស់កោងខ្នង »។
គួរបញ្ជាក់ផងដែរ សម្រាប់ប្រាក់ចំណូលបានមកពីហ្វេកប៊ុកលើវីដេអូនេះ និងបន្ថែមពីលើប្រាក់ផ្ទាល់ខ្លួនមួយចំនួនទៀត ពូជ្រូញ ក៏បានចូលរួមបរិច្ចាគចំនួន១ពាន់ដុល្លារដល់លោកតា គង់ ណៃ ផងដែរក្នុងយុទ្ធនាការ ១០០ លានរៀល “Rise For Master Kong Nay”ដែលបង្កើតឡើងដោយផលិតកម្មបារមីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលបទចម្រៀង Time To Rise មានអ្នកទស្សនា១០០លានដងលើយូធូប៕













