ប្រទេសថៃ ៖ នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃបានឱ្យដឹងថា នាយកដ្ឋានបានចុះត្រួតពិនិត្យ និងតាមដានការលក់ជីកសិកម្ម និងថ្នាំក.ម្ចាត់សត្វល្អិតនៅស្រុកថៃណយ ខេត្តណុនថាបុរី ក្នុងនោះបានត្រួតពិនិត្យនៅតាមឃ្លាំងស្តុកទំនិញនានា និងជជែកជាមួយហាង រួមទាំងកសិករផងដែរ ។ នាយកដ្ឋានរកឃើញថា កសិករនៅខេត្តនេះចាប់ផ្តើមប្រើប្រាស់ជីគីមីកាន់តែច្រើន តាំងពីខែមេសា ឆ្នាំ២០២៣ ។
មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មលើកឡើងថា នៅពេលចូលដល់រដូវបង្កបង្កើនផលស្រូវដំបូង កសិករនិយមប្រើប្រាស់ជីអ៊ុយរ៉េ ហើយក្រោយមក កសិករភាគច្រើននិយមប្រើប្រាស់ជីប្រភេទ ១៦-២០-០ ។ ចំណែកជីផ្សេងទៀត កសិករទុកសម្រាប់ប្រើប្រាស់បន្ថែម ឬប្រើសម្រាប់ដាំដំណាំផ្សេងៗ ។ ដូច្នេះ បរិមាណជីកសិកម្មមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការកសិករ ហើយតម្លៃជីកសិកម្មគ្រប់ប្រភេទបានធ្លាក់ចុះជាបន្តបន្ទាប់ ។ ចំណែកនៅស្រុកថៃណយ ខេត្តណុនថាបុរី តម្លៃជីកសិកម្មក៏បានធ្លាក់ចុះដូចគ្នាដែរ ដូចជា កាលពីមុន តម្លៃជីអ៊ុយរ៉េបានឡើងដល់១.៦០០បាតក្នុង១បាវ ប៉ុន្តែបច្ចុប្បន្ន តម្លៃនៅសល់ត្រឹម៨០០បាតប៉ុណ្ណោះក្នុង១បាវ ហើយមូលហេតុដែលធ្វើឱ្យតម្លៃជីកសិកម្មធ្លាក់ចុះ ដោយសារតម្លៃថាមពលនៅលើទីផ្សារពិភពលោកធ្លាក់ចុះ ។
ចំណែកតម្លៃថ្នាំក. ម្ចាត់សត្វល្អិតវិញបានធ្លាក់ចុះជាបន្តបន្ទាប់ បើធៀបនឹងពាក់កណ្តាលឆ្នាំ២០២២ ដូចជា តម្លៃថ្នាំក.ម្ចាត់ស្មៅបានធ្លាក់ចុះពី១៩% ដល់២៨% ។ ក្រៅពីនេះ នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃ និងការិយាល័យពាណិជ្ជកម្មនៅតាមបណ្តាខេត្ត នឹងតាមដានពីតម្លៃជីកសិកម្ម និងថ្នាំក.ម្ចាត់សត្វល្អិតឱ្យបានដិតដល់បន្តទៀត ហើយនៅពេលការចំណាយដើមទុនក្នុងការនាំចូលធ្លាក់ចុះ ដូច្នេះ ការលក់ទំនិញនៅប្រទេសថៃ ក៏ត្រូវធ្លាក់ចុះតាមដែរ ។
មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មបញ្ជាក់ថា បើពលរដ្ឋថៃប្រទះឃើញជនឆ្លៀតឱកាសលក់ទំនិញថ្លៃ ដោយគ្មានហេតុផលច្បាស់លាស់ ឬអាជីវករណាម្នាក់មិនបានបិទស្លាកប្រាប់ពីតម្លៃទំនិញឱ្យច្បាស់លាស់ទេនោះ ពលរដ្ឋថៃអាចប្តឹងមកកាន់នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃ ឬការិយាល័យពាណិជ្ជកម្មខេត្ត តាមរយៈលេខ ១៥៦៩ ឬតាម Line @MR.DIT ហើយមន្ត្រីនឹងចុះទៅត្រួតពិនិត្យអាជីវករទាំងនោះ រួចបើរកឃើញថា ពួកគេមិនបានអនុវត្តតាមការណែនាំទេនោះ នឹងត្រូវទទួលទោសតាមច្បាប់ ៕ ប្រភព ៖ Nation










