Home ព័ត៌មានអន្តរជាតិ ថៃចោទថា កម្ពុជាក្លែងបន្លំឈ្មោះទុរេនរបស់ថៃនាំចេញទៅប្រទេសចិន

ថៃចោទថា កម្ពុជាក្លែងបន្លំឈ្មោះទុរេនរបស់ថៃនាំចេញទៅប្រទេសចិន

159
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែមិថុនា កន្លងមក ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG បានចុះផ្សាយថា កម្ពុជាមិនស្មោះត្រង់ ដោយបន្លំឈ្មោះទុរេនរបស់ថៃ និងនាំចេញទៅប្រទេសចិន ហើយរឿងនេះ ពលរដ្ឋថៃមិនយល់ព្រមទេ ។ ទំព័រហ្វេសប៊ុក TOURLONG និយាយថា ទុរេន គឺជាស្តេចផ្លែឈើដ៏ល្បីល្បាញនៅទូទាំងពិភពលោក បើអ្នកណាបានបរិភោគវា នឹងជាប់ចិត្តជាមួយរសជាតិមិនខាន ហើយបើតាមការស្វែងរកនៅក្នុង Wikipedia បង្ហាញថា ទុរេនជារុក្ខជាតិដុះនៅប្រទេសព្រុយណេ, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី និងមានការដាំដុះទុរេននៅភាគកណ្តាលប្រទេសថៃ តាំងពីសម័យអយុធ្យាមកម៉្លេះ ។ ចំណែកទុរេននាំចូលពីប្រទេសណាដំបូងគេ និងដោយវិធីណា គឺមិនបានបង្ហាញភស្តុតាងទេ ប៉ុន្តែព័ត៌មានគួរឱ្យទុកចិត្តបាន គឺទុរេនអាចនាំមកពីភាគខាងត្បូងប្រទេសថៃ ។Thai Durian Guide: How To Choose, Where To Buy And More

ទំព័រហ្វេសប៊ុក TOURLONG និយាយថា ពូជទុរេនរបស់ថៃពេញនិយមខ្លាំងមានដូចជា ពូជម៉ន់ថង, ឆៈនី, ផួងម៉ានី, ឡាប់លែ និងកានយ៉ាវ ហើយបើទោះជាក្លិនរបស់វាខ្លាំង ប៉ុន្តែអ្នកបរិភោគនឹងចូលចិត្តរសជាតិទុរេនថៃ ហើយជនបរទេសចូលចិត្តទុរេនថៃ ជាពិសេស ជនជាតិចិន ។ ប្រទេសថៃអាចលក់ទុរេនដាច់ខ្លាំង ហើយថៃក៏បាននាំចេញទុរេនទៅចិនផងដែរ គឺនាំចេញទុរេនជាផ្លែ, ទុរេនក្លាស្សេ និងទុរេនកែច្នៃ ។ លើសពីនេះ ប្រទេសចិនបានទិញទុរេនថៃច្រើនបំផុត ក្នុងនោះចិនបាននាំចូលទុរេនរហូតដល់៨០% នៃបរិមាណនាំចូលទុរេនសរុបនៅទូទាំងពិភពលោក ។ ដូច្នេះ អត្រាលក់ទុរេនថៃនៅចិនបានកើនឡើងជាបន្តបន្ទាប់ ហើយនៅពេលថៃទទួលបានប្រាក់ចំណូលដ៏ច្រើនបែបនេះធ្វើឱ្យប្រទេសជាច្រើនដូចជា វៀតណាម និងហ្វីលីពីន នាំគ្នាមកតម្រង់ជួរនាំចេញទុរេនទៅចិនដែរ ។

ទំព័រហ្វេសប៊ុក TOURLONG បន្តថា ទោះយ៉ាងណា ចិននៅតែចូលចិត្តទុរេនថៃដូចដើម ព្រោះទុរេនថៃមានគុណភាពល្អ ។ ប៉ុន្តែថៃទទួលបានព័ត៌មានថា អ៊ំនៅជិតផ្ទះ គឺប្រទេសកម្ពុជានឹងនាំចេញទុរេនទៅចិនដែរ និងប្រើប្រាស់ឈ្មោះរបស់ថៃ ។ សារព័ត៌មានល្បីឈ្មោះមួយរបស់កម្ពុជាបានចុះផ្សាយថា បើទោះជាកម្ពុជាពុំទាន់មានលទ្ធភាពនាំចេញទុរេនទៅទីផ្សារចិនដោយខ្លួនឯង ដោយសារហេតុផលច្រើនយ៉ាង ប៉ុន្តែមានវិនិយោគិនចិនមកចរចាជាមួយកម្ពុជា ដោយចង់នាំទុរេនសំឡូត ខេត្តបាត់ដំបងទៅកាន់ទីផ្សារចិន ។ កម្ពុជាបានចរចាជាមួយចិន តាមរយៈការប្រើប្រាស់ម៉ាកសម្គាល់របស់ថៃ ដូច្នេះ ការនាំចេញត្រូវឆ្លងកាត់ និងប្រើប្រាស់ម៉ាកសម្គាល់ថៃ ។Thai Durian Guide: How To Choose, Where To Buy And More

ទំព័រហ្វេសប៊ុក TOURLONG បន្តទៀតថា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរា បានលើកឡើងថា នាពេលឆាប់ៗនេះ កម្ពុជា និងចិន នឹងឈានដល់ការចុះហត្ថលេខានាំចេញទុរេនទៅចិន ក្រោយពីចិនបានមកមើលទុរេននៅកម្ពុជា ហើយពេញចិត្តនឹងគុណភាពទុរេនកម្ពុជាយ៉ាងខ្លាំង ។ នៅឆ្នាំ២០២៣ មន្ទីរកសិកម្មខេត្តបាត់ដំបងមានគោលដៅដាំដុះទុរេននៅលើផ្ទៃដី៧០០ហិកតាបន្ថែមទៀត ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា កម្ពុជាមានគម្រោងនាំចេញទុរេនទៅចិន ធ្វើឱ្យថៃបារម្ភយ៉ាងខ្លាំង តើវាអាចនឹងមានផលប៉ះពាល់ដល់ថៃដែរឬទេ ? ព្រោះមុននេះ ធ្លាប់មានព័ត៌មានមួយ គឺនៅឆ្នាំ២០១៩ មានអាជីវករលក់ទុរេនម្នាក់បានលួចយកទុរេនពីកម្ពុជា និងវៀតណាម ហើយប្រាប់ថាជាទុរេនថៃ រួចនាំចេញទៅប្រទេសចិន ។ ពេលនោះ ក៏មានអាជីវករថៃឃុបឃិតជាមួយអាជីវករបរទេសលួចលក់ទុរេនកម្ពុជា និងវៀតណាម ក្លែងបន្លំជាទុរេនថៃ ហើយនាំចេញទៅទីផ្សារចិន និងលក់ក្នុងតម្លៃទាបជាងទីផ្សារ ។ TOURLONG បញ្ជាក់ថា ល្អហើយដែលថៃចាប់អាជីវកររូបនេះបាន បើមិនដូច្នោះទេ នឹងមានបញ្ហាមិនខាន ហើយបើចិនរកឃើញថា មានសត្វល្អិតក្នុងទុរេននោះ គឺថៃនឹងប្រឈមមុខ ដោយសារចិនឈប់ទិញទុរេនថៃ ។Thai Durian Guide: Where to eat and where to buy

ទំព័រហ្វេសប៊ុក TOURLONG បានដកស្រង់យោបល់របស់ជនជាតិថៃមួយចំនួនមកចុះផ្សាយថា ទុរេនមានគុណភាពអន់ធ្វើឱ្យយើង (ថៃ) ខូចកេរ្តិ៍ឈ្មោះបាន ។ រីឯជនជាតិថៃម្នាក់ទៀតថា ប្រយ័ត្នវានាំចេញទុរេនគុណភាពអន់ទៅចិន ធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះ ហើយខ្មែរវារមិលគុណ មិនចាំបាច់ឱ្យខ្មែរប្រើប្រេនថៃទេ ។ ជនជាតិថៃផ្សេងទៀតថា បើផលិតផលមានបញ្ហា តើអ្នកណាទទួលខុសត្រូវ ? ជនជាតិថៃម្នាក់ទៀតថា បើទុរេននោះនៅក្រោមស្តង់ដារ ប្រទេសថៃនឹងត្រូវបានចិនហាមឃាត់ ។ ចំណែកអ្នកបញ្ចេញមតិចុងក្រោយថា កម្ពុជាកុំធ្វើបែបនេះ ព្រោះនឹងធ្វើឱ្យគុណភាពទុរេនថៃធ្លាក់ចុះ ។

ចុងក្រោយ ទំព័រហ្វេសប៊ុក TOURLONG បន្ថែមថា ជនជាតិថៃទាំងអស់នៅទូទាំងប្រទេសថៃ មិនពេញចិត្តនឹងកម្ពុជានាំចេញទុរេន ប្រើប្រាស់ម៉ាកសម្គាល់ថៃទេ ហើយអ្វីគួរឱ្យខ្លាចជាងកម្ពុជាយកទុរេនរបស់ថៃនោះ គឺកម្ពុជាដាក់ប្រេនថៃ ហើយនាំចេញទុរេនគុណភាពអន់ទៅចិន និងធ្វើឱ្យមានគុណវិបត្តិ ច្រើនជាងគុណសម្បត្តិ ។ TOURLONG បានសំណូមពរឱ្យមន្ត្រីពាក់ព័ន្ធរបស់ថៃជួយត្រួតពិនិត្យរឿងនេះ និងកុំបណ្តោយឱ្យសោះ ។

បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកថៃ និងជនជាតិថៃមួយចំនួនតែងបង្កបញ្ហាមិនចេះចប់សោះជាមួយកម្ពុជា ហើយអស់ពីតវ៉ារឿងអាម៉ុក ពួកគេមកតវ៉ារឿងទុរេនទៀត ។ ទំព័រហ្វេសប៊ុក TOURLONG ព្យាយាមអះអាងថា ថៃបានដាំដុះទុរេននៅភាគកណ្តាលប្រទេសរបស់ខ្លួនតាំងពីសម័យអយុធ្យាមកម៉្លេះ ហើយចង់សួរពួកថៃវិញថា តើមានតែប្រទេសថៃមួយឬ ដែលបានដាំទុរេន ? បើពិតមែននោះ មិនយូរទេ ថៃនឹងអះអាងថា ផ្លែឈើ និងបន្លែនានាសុទ្ធតែជាកម្មសិទ្ធិរបស់ខ្លួនទាំងអស់ មិនថាល្ហុង ត្រកួន ឬចេក ។ ការពិត ថៃបារម្ភខ្លាចកម្ពុជានាំចេញទុរេនទៅចិន ហើយដណ្តើមទីផ្សារចិនទៅវិញទេ ព្រោះបច្ចុប្បន្ន ថៃមានគូប្រជែងស្រាប់ទៅហើយ គឺវៀតណាម និងហ្វីលីពីន ៕

ប្រភព ៖ TOURLONG