ទីបំផុតចំណងស្នេហ៍តារាថៃជួរមុខ ណាដេត និងយ៉ាយ៉ា បានសម្រេចបំណងហើយបន្ទាប់ពីអ្នកទាំងពីរមានទំនាក់ទំនង១២ឆ្នាំ ខណៈតារាប្រុសរូបនេះបានយកចិញ្ចៀនពេជ្ររាងពងក្រពើទំហំ១២ការ៉ាត់លត់ជង្គង់សុំគូស្នេហ៍រៀបការនៅឯប្រទេសអ៊ីតាលី។
ជឿជាក់ថាអ្នកតាមដានតារាក្រៅស្រុកប្រាកដជាស្គាល់ហើយថា កំពូលតារាសម្តែងជួរមុខ Nadech Kugimiya និង Yaya Urassaya ជាគូស្នេហ៍ដែលស្រលាញ់គ្នាជាយូរមកហើយព្រមទាំងចង់ឃើញអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗ ជាពិសេស បន្ទាប់ពី Mark Prin សុំ Kimberley រៀបការ។
អ្វីដែលមហាជនអ្នកគាំទ្រក្នុងនិងក្រៅប្រទេសចង់ឃើញនោះទីបំផុតបានក្លាយជាការពិតហើយដោយ ណាដេត បានលត់ជង្គង់សុំ យ៉ាយ៉ា រៀបការនៅឯប្រទេសអ៊ីតាលីដោយមានមិត្តភក្តិជិតស្និទ្ធធ្វើជាសាក្សីមានដូចជា Mark Prin , Kimberley , Margie និងស្វាមីជាដើមដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត សប្បាយរីករាយជំនួសពួកគេយ៉ាងខ្លាំង។
កាន់តែពិសេសដែលធ្វើឱ្យមហាជនបើកភ្នែកធំៗនោះគឺ ការលត់ជង្គង់សុំរៀបការរបស់ ដាដេត ចំពោះ យ៉ាយ៉ា គឺជាចិញ្ចៀនពេជ្ររាងពងក្រពើ ខណៈចិញ្វៀននេះធ្លាយដំណឹងថាមានទំហំ១២ការ៉ាត់ ដូចទៅនឹងទំនាក់ទំនងពួកគេអស់រយៈពេល១២ឆ្នាំមកនេះ។
គួរបញ្ជាក់ផងដែរថា ណាដេត បានជំពប់ស្នេហ៍ យ៉ាយ៉ា ដំបូងនៅពេលអ្នកទាំងពីរមានឱកាសសម្តែងជាមួយគ្នានៅក្នុងរឿងភាគដ៏ល្បីមានចំណងជើងថា «Game Rai Game Ruk» កាលពីឆ្នាំ២០១១ បន្ទាប់មកពីពួកគេបង្កើតទំនាក់ទំនងជាមួយគ្នាជាបន្តបន្ទាប់រហូតឈានដល់ដំណាក់កាលជាគូជីវិតជាមួយគ្នា៕












