ប្រទេសថៃ ៖ បើទោះជាប្រទេសថៃបានចូលដល់រដូវវស្សាក្តី ប៉ុន្តែពលរដ្ឋរស់នៅស្រុកដូយតាវ ខេត្តឈៀងម៉ៃ កំពុងតែប្រឈមនឹងគ្រោះរាំងស្ងួតជាខ្លាំង ។ ទឹកនៅក្នុងទន្លេ និងបឹងផ្សេងៗបានរីងស្ងួតស្ទើរគ្រប់កន្លែង ក្នុងនោះកម្រិតទឹកក្នុងបឹងដូយតាវ ក៏បានស្រកចុះជាបន្តបន្ទាប់ផងដែរ ដោយសារតែគ្មានភ្លៀងធ្លាក់ ខណៈបឹងនេះជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះមួយនៅខេត្តឈៀងម៉ៃ ។
លើសពីនេះ គេបានបង្ហូរទឹកចេញទំនប់ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹករបស់កសិករក្នុងការធ្វើកសិកម្ម ជាហេតុធ្វើឱ្យកម្រិតទឹកក្នុងបឹងដូយតាវកាន់តែស្រកចុះខ្លាំង ។ លើសពីនេះ កម្រិតទឹកក្នុងបឹងដូយតាវធ្លាក់ចុះខ្លាំងបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកនេសាទក្នុងតំបន់ ហើយទូកនេសាទខ្លះបានជាប់នៅច្រាំង និងមិនអាចផ្លាស់ទីបានទេ ។ អ្នកនេសាទក្នុងតំបន់នេះនិយាយថា បច្ចុប្បន្ន ពួកគេពិបាកនេសាទត្រីជាងមុន ជាពិសេស ត្រីតូចៗ ។
ទោះយ៉ាងណា អ្នកនេសាទទាំងនេះលើកឡើងថា ពួកគេមិនអាចធ្វើអ្វីបានទេ ក្រៅពីរង់ចាំឱ្យទឹកភ្លៀងធ្លាក់មកបំពេញក្នុងបឹងដូយតាវប៉ុណ្ណោះ ។ ម្យ៉ាងទៀត ទន្លេពីង ដែលជាទន្លេធំមួយក្នុងតំបន់នេះក៏ជួបបញ្ហាផងដែរ ដោយសារមានកម្រិតទឹកតិចជាងមុន ។ ទឹកក្នុងទន្លេនេះបានជ្រាបចូលក្នុងដីយ៉ាងឆាប់រហ័ស ហើយគេត្រូវរង់ចាំឱ្យទឹកភ្លៀងធ្លាក់មកបំពេញក្នុងទន្លេក្នុងបរិមាណច្រើន ទើបមានទឹកហូរមកកាន់បឹងដូយតាវ ៕ ប្រភព ៖ TNN Earth