រាជធានីអូស្លូ (Oslo)៖ ក្រោយការដួលរលំ នៃមហាអំណាចសហភាពសូវៀត ជាគូប្រជែងដ៏ខ្លាំងក្លា ជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៩១នោះមក មរតក នៃប្រទេសមហាអំណាចកំពូលមួយនេះ បានធ្លាក់មកនៅលើរុស្ស៊ីទាំងអស់ ទើបធ្វើឲ្យក្រុងមូស្គូ នៅតែមានអំណាចដ៏ខ្លាំងលើសលប់ នៅលើពិភពលោក ហើយឥឡូវនេះ ក្រុមមន្រ្ដីន័រវ៉ែស បានអះអាង អំពីត្រីបាឡែនចារកម្មរបស់ក្រុងមូស្គូ បង្ហាញវត្ដមាន នៅឆ្នេរសមុទ្រ នៃប្រទេសស៊ុយអែត។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែឧសភា ថា អង្គការមួយ តាមដានសកម្មភាពរបស់សត្វសមុទ្រ បានអះអាង ថា ត្រីបាឡែនបែលូហ្កា (Beluga Whale) ធ្លាប់បង្ហាញខ្លួន នៅក្នុងប្រទេសន័រវ៉ែស កាលពីអំឡុងឆ្នាំ២០១៩។ ត្រីបាឡែននោះ ត្រូវគេជឿ ថា កងទ័ពជើងទឹករបស់រុស្ស៊ី ជាអ្នកបង្វឹកបង្ហាត់វា ដោយសារឃើញមានបំពាក់ខ្សែក្រវាត់ នៅលើខ្លួនរបស់វា ហើយបានបង្ហាញខ្លួនជាថ្មី នៅឆ្នេរសមុទ្រ នៃប្រទេសស៊ុយអែត។
ក្រុមជីវវិទូសមុទ្រ នៃនាយករដ្ឋានជលផលសមុទ្រន័រវ៉ែស បានអះអាង ថា ត្រីបាឡែនបែលូហ្កានេះ បានបង្ហាញខ្លួន ជាលើកដំបូង នៅក្នុងតំបន់អាក់ទិក នាភាគខាងជើង ប្រទេសន័រវ៉ែស ហើយត្រូវបានក្រុមអ្នកជីវវិទូសមុទ្រន័រវ៉ែស ហូតចេញនូវខ្សែក្រវាត់ចងភ្ជាប់ជាមួយនឹងឧបករណ៍កាមេរ៉ា សម្រាប់ថតសកម្មភាព និង មានពាក្យថា «បរិក្ខារសាំងពេធើរប៊ឺគ» បោះពុម្ពនៅលើខ្សែក្រវាត់ប្លាស្ទិកនោះ។
ត្រីបាឡែនបែលូហ្កានេះ អាចមានប្រវែង រហូតដល់៦ម៉ែត្រ ហើយវាអាចរស់នៅ ចន្លោះពី៤០ទៅ៦០ឆ្នាំ។ បើតាមធម្មតារបស់វា ត្រីបាឡែនប្រភេទនេះ មានទម្លាប់រស់នៅក្នុងតំបន់ទឹកកក ដូចជា នៅតំបន់ជុំវិញកោះហ្គ្រីនឡែនដ៍ (Greenland) ហើយតំបន់ភាគខាងជើង នៃប្រទេសន័រវ៉ែស និង រុស្ស៊ី។
ក្រុមមន្ត្រីនាយកដ្ឋានជលផលន័រវ៉ែស បានបញ្ជាក់ ថា ត្រីបាឡែននេះ ប្រហែលជាអាចគេចចេញពីកន្លែងហ៊ុមព័ទ្ធជុំវិញ ហើយក៏ប្រហែលជាត្រូវបានបង្វឹកបង្ហាត់ ដោយកងទ័ពជើងទឹករបស់រុស្ស៊ី ព្រោះវាហាក់បីដូចជាភាពបន្ស៊ាំង ទៅនឹងមនុស្សម្នា។
អង្គការ OneWhale បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ត្រីបាឡែនបែលូហ្កា បានចំណាយពេលជាង៣ឆ្នាំ ហើយវាបានហែលបន្តិចម្តងៗ រំកិលខ្លួន រហូតមកដល់កណ្តាល នៃចុងឆ្នេរសមុទ្ររបស់ប្រទេសន័រវ៉ែស មុនពេលវាបង្កើនល្បឿនភ្លាមៗ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ បន្តដំណើរទៅកាន់ប្រទេសស៊ុយអែត។
លោក សេបាស្ទៀន ស្ត្រានដ៍ (Sebastian Strand) ជីវវិទូសមុទ្រ នៃអង្គការ OneWhale បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ថា «យើងមិនដឹងថា ហេតុអ្វីបានជាវាមានល្បឿនលឿនបែបនេះទេ ជាពិសេស ចាប់តាំងពីវាកំពុងតែហែលយ៉ាងលឿន ឃ្លាតឆ្ងាយចេញពីបរិស្ថានធម្មជាតិរបស់វា។ យើងជឿ ថា វាមិនមែនជាត្រីបាឡែនធម្មជាតិនោះឡើយ ដោយសារតែវាមានចរិត ដូចសត្វដែលបានរួចចេញពីម្ចាស់ ឬ ត្រូវគេបោះបង់ចោល។
បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងមូស្គូ មិនធ្លាប់ប្រតិកម្មជាផ្លូវការណាមួយ ប្រឆាំងនឹងការសន្និដ្ឋានរបស់ន័រវ៉ែស ដែលជាប្រទេសសមាជិករបស់អង្គការណាតូ អះអាង ថា ត្រីបាឡែនបែលូហ្កានោះ អាចជាចារកម្មរបស់រុស្ស៊ី។
សមុទ្របារ៉ែនស៍ (Barents) ក្លាយជាតំបន់ភូមិសាស្ត្រនយោបាយខាងយុទ្ធសាស្រ្ដដ៏សំខាន់បំផុតមួយ ដោយសារតែសកម្មភាព នៃកងនាវាមុជទឹករបស់លោកខាងលិច និង រុស្ស៊ី បានត្រួតពិនិត្យយ៉ាងដិតដល់បំផុត។ ចំណែកតំបន់សមុទ្រនោះ ក៏ជាច្រកដ៏សំខាន់ ឆ្ពោះទៅកាន់តំបន់ភាគខាងជើង ដោយសារវាអាចកាត់បន្ថយនូវការធ្វើដំណើរតាមសមុទ្រ រវាងមហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រប៉ាស៊ីហ្វិក ផងដែរ៕










