តំបន់អេកូទេសចរណ៍ ជីផាត មានទីតាំងស្ថិតនៅ ភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងមានចម្ងាយប្រហែល១២៥គីឡូម៉ែត្រ ពីរង្វង់មូល ខេត្តកោះកុង។
ដើម្បីអាចទៅដល់តំបន់នោះបាន ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរចេញ ពីចំណុចអណ្ដូងទឹក ក្នុងស្រុកស្រែអំបិល តាមផ្លូវលំ កាត់ព្រៃចម្ងាយប្រហែល ១៧គីឡូម៉ែត្រ ឬក៏ជិះទូកតាមព្រែកចម្ងាយ ២៥គីឡូម៉ែត្រ ដោយចំណាយពេលជាងពីរម៉ោង ទើបទៅដល់តំបន់នោះ។
នៅតំបន់នេះ ភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះជាដើម។
នៅតំបន់អេកូទេសចរណ៍ ជីផាតនេះមានទឹកជ្រោះជាច្រើនដូចជា: ទឹកធ្លាក់ឆាយខ្ពស់, អូរម្លូរ, ទឹកធ្លាក់ឆាយជ្រៃ និងទឹកធ្លាក់អូរទឹកវេទ។
សូមជម្រាបផងដែរថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃជាដើម៕