កុមារី សំខាន់ រ៉ាខាម់ ត្រូវជាកូនស្រីអតីតកីឡាករប្រដាល់ដ៏ល្បី បឺត សំខាន់ បានចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី២ ដោយបានជ្រើសរើសបទអង់គ្លេសមានចំណងជើងថា «Like My Father»។ ការបកស្រាយចម្រៀងកូនស្រីអតីតកីឡាករប្រដាល់គុនខ្មែររូបនេះធ្វើឱ្យមហាជនពោលសរសើរ មិនដាច់ពីមាត់ថាច្រៀងពីរោះ ថែមទាំងមានមុខមាត់គួរឱ្យស្រលាញ់។
លោក បឺត សំខាន់ ជាអតីតកីឡារប្រដាល់ដ៏ល្បីម្នាក់ហើយក៏ត្រូវជាបងប្រុសរបស់ស្តេចប្រដាល់ បឺត ខាំ ផងដែរ។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺកូនស្រីរបស់ លោកមានទេពកោសល្យសិល្បៈមិនធម្មតា បន្ទាប់ពីកូនស្រីលោកបានបង្ហាញវត្តមានក្នុងកម្មវិធីប្រលងចម្រៀងរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។
សប្តាហ៍ទី៣ ក្នុងវគ្គ Judge Audition កុមារី សំខាន់ រ៉ាខាម់ អាយុ១៤ឆ្នាំបានជ្រើសរើសបទ «Like My Father» មកបកស្រាយឱ្យគណៈកម្មការទាំង៣ វិនិច្ឆ័យ។ ជាលទ្ធផលកូនស្រីរបស់អតីតកីឡាប្រដាល់រូបនេះអាចបន្តទៅវគ្គក្រោយបាន។ ការបកស្រាយជាភាសាអង់គ្លេសរបស់កុមារីរូបនេះក៏ត្រូវអ្នកលេងបណ្តាញសង្គមពោលសរសើរផងដែរថានាងមានសំឡេងពីរោះ កាយវិការពាក្យសម្តីពីរោះ បើញញឹមវិញដូចតារាសម្តែង នី មុន្នីនាថ ជាដើម។
តាមការបញ្ជាក់ពី សំខាន់ រ៉ាខាម់ បានឱ្យដឹងថាខ្លួនមានបងប្អូនចំនួន៤នាក់រូបនាងជាកូនបងមានឪពុកជាអ្នករត់កង់បីឥណ្ឌា ហើយក៏ជាអតីតប្រដាល់គុនខ្មែរដ៏ល្បីម្នាក់ផងដែរ និងមានម្តាយជាគ្រូបង្រៀន។ ទោះបីជាមានដុងមិនដូចឪពុក-ម្តាយ ប៉ុន្តែ សំខាន់ រ៉ាខាម់ ក៏ចេះប្រដាល់ ហាត់ដើម្បីការពារខ្លួនផងដែរទោះបីជាមិនបានប្រឡូកអាជីពដូចជាឪពុក និងពូរបស់ខ្លួនក៏ដោយ៕